សេចក្តីជូនដំណឹង​ ស្តី​ពី​ការបិទច្រកឆ្លងដែនកម្ពុជា-ថៃ​ជាបណ្តោះអាសន្ន​ ដើម្បី​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩(COVID-19)


អគ្គកុងស៊ុល ៖ ថ្ងៃអាទិត្យ ១៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាកែវ នៃព្រះរាជាណាចក្រថៃឡង់ដ៏ សូមគោរពជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ រៀនសូត្រ និងប្រកបរបររកទទួលទានក្នុងភូមិសាស្ត្រខេត្តសាកែវ (ស្រះកែវ) ឱ្យបានជ្រាបថា ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-19 (COVID-19) នៅក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួននិយាយដោយឡែក និងក្នុងប្រទេសថៃទាំងមូលនិយាយជារួម អាជ្ញាធរខេត្តសាកែវបានសម្រេចបិទជាបណ្តោះអាសន្នចាប់ពីថ្ងៃទី 23 ខែមីនា រហូតដល់ថ្ងៃទី 05 ខែមេសា ឆ្នាំ2020 (សរុបរយ:ពេល 14 ថ្ងៃ) នូវច្រកទ្វារព្រំដែនកម្ពុជា-ថៃគ្រប់កំរិតដែលស្ថិតក្នុងដែនដីខេត្តសាកែវ រួមមាន៖

ក-ច្រកទ្វារអន្តរជាតិចំនួន 2 ទីតាំង៖

១.ច្រកទ្វារអន្តរជាតិប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ)-ខ្លងលឹក(ខេត្តសាកែវ)៖ រាល់ចរាចរណ៍ឆ្លងកាត់ច្រកនេះនឹងត្រូវបានបិទជាបណ្តោះអាសន្ន លើកលែងតែទំនិញដែលទទួលបានការអនុញ្ញាត អ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាតនិងបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយសមត្ថកិច្ចថៃត្រឹមត្រូវ។

២.ច្រកអន្តរជាតិភ្នំដី(ខេត្តបាត់ដំបង)-បានខៅឌីន(ខេត្តសាកែវ)៖ រាល់ចរាចរណ៍ឆ្លងកាត់ច្រកនេះនឹងត្រូវបានបិទជាបណ្តោះអាសន្នទាំងស្រុង។

ខ-ច្រកទ្វារតំបន់ចំនួន 2 ទីតាំង៖ ច្រកបឹងត្រកួន(ខេត្តបន្ទាយមានជ័យ)-តាប្រាយ៉ា(ខេត្តសាកែវ) និង ច្រកម៉ាឡៃ(ខេត្តបាត់ដំបង)-បានណងព្រឺ(ខេត្តសាកែវ)។ រាល់ចរាចរណ៍ឆ្លងកាត់ច្រកទាំងពីរនេះនឹងត្រូវបានបិទទាំងស្រុង។

គ-ច្រកទ្វារទ្វេភាគីចំនួន 15 ទីតាំង រវាងខេត្តសាកែវ-ខេត្តបន្ទាយមានជ័យ និងរវាងខេត្តសាកែវ-ខេត្តបាត់ដំបង នឹងត្រូវបានបិទទាំងស្រុង។

ស្ថានអគ្គកុងស៊ុលសូមគោរពជូនដំណឹងបន្ថែមថា ក្នុងគោលដៅកាត់បន្ថយនិងរាំងខ្ទប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះដែរ អាជ្ញាធរថៃនៃបណ្តាខេត្តដែលជាប់ព្រំដែនជាមួយកម្ពុជា រួមមាន ខេត្តឧប៊ុនរាជធានី ខេត្តស៊ីសាកេត ខេត្តបុរីរ៉ាំ ខេត្តច័ន្ទបុរី និងខេត្តត្រាត ក៏បានដាក់ចេញនូវវិធានការបិទជាបណ្តោះអាសន្នរាល់ចរាចរណ៍ឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ថៃ តាមពេលវេលានឹងទីតាំងដូចខាងក្រោម៖

១ បិទចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី

ច្រកតំបន់អានសេះ(ខេត្តព្រះវិហារ)-អានម៉ា(ខេត្តឧប៊ុនរាជធានី)

២ បិទចាប់ពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី

ច្រកតំបន់ជប់គរគី(ខេត្តឧត្តរមានជ័យ)-សាយតាគូ(ខេត្តបុរីរ៉ាំ)

៣ បិទចាប់ពីថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី

ច្រកអន្តរជាតិឆង់ជាំ(ខេត្តសុរិន្ទ)-អូរស្មាច់(ខេត្តឧត្តរមានជ័យ)។ រាល់ចរាចរណ៍ឆ្លងកាត់ច្រកនេះនឹងត្រូវបានបិទជាបណ្តោះអាសន្ន លើកលែងតែទំនិញដែលទទួលបានការអនុញ្ញាត អ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាតនិងបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយសមត្ថកិច្ចថៃត្រឹមត្រូវ។

ច្រកអន្តរជាតិព្រំ(ខេត្តប៉ៃលិន)-បានផាក់កាត(ខេត្តច័ន្ទបុរី) ច្រកតំបន់ស្វាយវេង(ខេត្តបាត់ដំបង) បឹងឆ្នាំងឡាង(ខេត្តច័ន្ទបុរី) ច្រកតំបន់អូររំដួល(ខេត្តបាត់ដំបង) សាប់តារី(ខេត្តច័ន្ទបុរី) និងច្រកអូរអន្លក់(ខេត្តបាត់ដំបង) បានសួនសុំ(ខេត្តច័ន្ទបុរី)។

៤ បិទចាប់ពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី

ច្រកអន្តរជាតិចាំយាម(ខេត្តកោះកុង)-ហាតលេក(ខេត្តត្រាត) និងច្រកតំបន់/ទ្វេរភាគីទាំងអស់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តត្រាត។

​ ច្រកអន្តរជាតិដូង(ខេត្តបាត់ដំបង)-បានឡែម(ខេត្តច័ន្ទបុរី)​។ រាល់ចរាចរណ៍ឆ្លងកាត់ច្រកនេះនឹងត្រូវបានបិទជាបណ្តោះអាសន្ន លើកលែងតែទំនិញដែលទទួលបានការអនុញ្ញាត អ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាតនិងបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយសមត្ថកិច្ចថៃត្រឹមត្រូវ។

ទាក់ទងនឹងការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នេះផងដែរ ស្ថានអគ្គកុងស៊ុលសូមយកឱកាសនេះរំលឹកជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ពិសេសបងប្អូនខ្មែរដែលកំពុងស្នាក់នៅប្រទេសថៃ សូមប្រកាន់ខ្ជាប់នូវស្មារតីប្រុងប្រយ័ត្នខ្ពស់តាមរយ:ការថែរក្សាអនាម័យ ដូចជា លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែលសំរាប់សំអាតដៃ ឱ្យបានជាប្រចាំ មុនពេលយកដៃប៉ះនឹងផ្ទៃមុខ ពិសារម្ហូបអាហារដែលឆ្អិនល្អ និងពាក់ម៉ាសការពារពេលស្ថិតនៅទីសាធារណ:ឬក្នុងចំណោមមនុស្ស ព្រមទាំងអនុវត្តតាមវិធានការដែលអាជ្ញាធរបានណែនាំ រួមមាន ចៀសវាងការចេញពីលំនៅដ្ឋានបើគ្មានការចាំបាច់ខានមិនបាន ដាក់ខ្លួនឱ្យនៅឯកោរយ:ពេល 14 ថ្ងៃ បើសង្ស័យថាខ្លួនអាចប្រឈមនឹងការឆ្លងឬផ្ទុកវីរុសកូរ៉ូណា និងទៅកាន់មន្ទីរពេទ្យស្វែងរកការព្យាបាលបើមានអាការ:ក្តៅខ្លួនលើសពី 37.5អង្សារ ក្អកស្ងួត និងថប់ដង្ហើមខ្លាំងជាដើម។

ក្នុងករណីមានតម្រូវការទាក់ទងទៅកាន់សេវាពិគ្រោះយោបល់ជុំវិញរោគសញ្ញានៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ សូមទាក់ទងទៅកាន់លេខ 1422 ដែលដំណើរការ ២៤/៧។ ក្នុងករណីមានតម្រូវការទាក់ទងមកកាន់ស្ថានអគ្គកុងស៊ុល សូមផ្ញើសារមកកាន់អ៊ីមែល camcg.sak@mfaic.gov.kh ឬ messenger តាមរយ:ទំព័រហ្វេសប៊ុកឈ្មោះ «ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ/Consulate General in Sakaeo» ឬទូរស័ព្ទមកលេខ 037230203 ឬលេខ 0850123668។

​ អាស្រ័យហេតុនេះ​ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាដំណឹង ៕

សូមអានសេចក្តីប្រកាសខាងក្រោមនេះដូចតទៅ៖