សិល្បៈវប្បធម៌ទាំង៤ ដែលកម្ពុជានឹងនាំយកទៅសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេដ៏ធំនៅសិង្ហបុរី


ជាកិត្តិយសសម្រាប់ដើមឆ្នាំ២០១៧នេះ ប្រទេសកម្ពុជាត្រូវបានអញ្ជើញអោយចូលរួមព្រឹត្តិការណ៏ក្បួនដង្ហែ “ឈីងហ្គេ” នៅប្រទេសសិង្ហបុរី ដែលវាជាក្បួនដង្ហែព្យុហយាត្រាសិល្បៈដ៏ធំជាងគេមួយនៅអាស៊ី ទៀតផង។

តាមការលើកឡើងរបស់លោក សុខ សប្បាយណា ជាប្រធានប្រតិបត្តិក្រុមការងារ និង ជាសមាជិកគណៈកម្មការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបរាប់ថាព្យុហយាត្រាសិល្បៈឈីងហ្គេនេះត្រូវបានរៀបចំ ជារៀងរាល់ឆ្នាំ ដោយសមាគមប្រជាជនសាធារណរដ្ឋសិង្ហបុរី ហើយដែលបានផ្ដួចផ្ដើមដោយអតីតនាយករដ្ឋមន្ត្រី លី ក្វាន់យូផ្ទាល់តែម្តង ក្នុងគោលបំណងបង្ហាញពីភាពអស្ចារ្យ ភាពស្រស់បំព្រង និង ភាពសម្បូរបែបនៃវប្បធម៌ចម្រុះ។
លោកបានបន្តទៀតថា កម្ពុជាគ្រោងនឹងនាំយកសិល្បៈវប្បធម៌ ចំនួន៤សំខាន់ៗទៅចូលរួមសម្ដែងនៅទីនោះផងដែរ ដែលមានដូចជា៖

១ របាំអប្សរា

របាំអប្សរា នឹងត្រូវបានលើកយកទៅសម្ដែងនៅក្នុងព្រឹត្តិការណ៍នោះ ដើម្បីផ្សព្វផ្សាយដល់អន្តរជាតិអំពី របាំដ៏ល្អផូរផង់មួយនេះ ដែលប្រកបដោយភាពទន់ភ្លន់ ស្រស់ស្អាត និង ម៉ឺងម៉ាត់។ អប្សរាគឺជាតួអង្គដែលមានភាពស្រស់ស្អាត បរិសុទ្ធ និង មានភាពឆើតឆាយ ជាពិសេសគឺតំណាងឱ្យវប្បធម៌ដ៏រុងរឿង និង ព្រលឹងរបស់ជាតិខ្មែរយើងផងដែរ។

២ ក្បាច់គុណល្បុក្កតោ

សិល្បៈក្បាច់គុណល្បុក្កតោ គឺជាសិល្បៈក្បាច់គុណមួយដែលមានអាយុកាលយូរឆ្នាំណាស់មកហើយ តាំងពីសម័យអាណាចក្រអង្គរមកម្ល៉េះ។ ក្បាច់គុណនេះគឺតំណាងអោយសាមគ្គីជាតិ ភាពរឹងមាំ ព្រមទាំងបានរួមបញ្ចូលនូវសក្ដានុពល និង ការប្ដេជ្ញាចិត្ត របស់ប្រជាជនខ្មែរដើម្បីការរីកចំរើនរបស់ប្រទេសកម្ពុជាទៀតផង។

៣ ល្ខោនស្បែកធំ

ល្ខោនស្បែកធំគឺជាទម្រង់សិល្បៈប្រពៃណីបុរាណមួយប្រភេទរបស់ ប្រទេសកម្ពុជាមានតាំងពីសតវត្សទី១ មកម្ល៉េះ។ ល្ខោននេះគឺបានរៀបរាប់ពីរឿងទេវកថារបស់ប្រជាជនក្នុងតំបន់ រឿងរាមកេរ្តិ៍ ព្រមទាំងរឿងពុទ្ធប្រវត្តិផងដែរ។ ហើយថ្មីៗនេះក៏ទទួលបានការស្រលាញ់ចូលចិត្តពីសាធារណជនជាតិ និង អន្តរជាតិផងដែរ។

៤ ឧបករណ៍កញ្ឆែ

សិល្បៈរបាំដែលប្រើប្រាស់ឧបករណ៍កញ្ឆែ មានដូចជារបាំកន្តែរ៉ែ និង របាំត្រុដិជាដើម ក៏គ្រោងនឹងនាំយកទៅសម្ដែងនៅសាធារណរដ្ឋសិង្ហបុរីផងដែរ។ កញ្ឆែគឺជាឧបករណ៍គោះមួយដែលធ្វើពីឫស្សីមានរនាបឫស្សីតូចឆ្មារ ពត់ឱ្យង នៅខាងចុងដែលហៅថា “ជម” ហើយត្រូវបានពត់ជារៀងកន្ត្រកដោយមានចងកណ្ដឹង និង ក្រណាត់ចម្រុះពណ៌នៅត្រង់កន្លែងនោះ។