អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភ ៤៥លានរៀលជូនមន្រ្តីសុខាភិបាលប្រចាំការនៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីត្រៀមព្យាបាលអ្នកកើត COVID-19 និងសាងសង់អគារពិគ្រោះយោបល់១កន្លែង


អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤៥លានរៀល ជូនក្រុមមន្រ្តីចាត្តាឡីស័ក ដែលប្រចាំការនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ ដែលជាកន្លែងមួយ ក្នុងចំណោមទីតាំងទាំង ៤នៅភ្នំពេញ ទុកសម្រាប់ព្យាបាល និងត្រៀមព្យាបាលអ្នកកើតជំងឺ COVID-19។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានសម្រេចសាងសង់អគារពិគ្រោះយោបល់ចំនួន១កន្លែង នៅមណ្ឌលសុខភាពនេះ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ នឹងជំងឺមួយនេះ និងជំងឺផ្សេងៗទៀត អាចមកពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យដែលយាមប្រចាំការនៅទីនេះ បានគ្រប់ពេលវេលា។

មន្រ្តីសាលារាជធានីភ្នំពេញ បានប្រាប់អង្គភាពព័ត៌មាននៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះថា «ជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ យាមប្រចាំការនៅមណ្ឌលសុខភាព ចាក់អង្រែ ខណ្ឌមានជ័យទាំង ៤៥នាក់ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថវិកាចំនួន ៤៥លានរៀល ដោយម្នាក់ៗទទួលបាន ១លានរៀល និងសម្រេចសាងសង់អគារពិគ្រោះយោបល់ ចំនួន១កន្លែង ដោយមានទំហំ ៥គុណ៨ម៉ែត្រ នៅក្នុងមណ្ឌលសុខភាពមួយនេះ ទុកជូនប្រជាពលរដ្ឋមកពិគ្រោះយោបល់នៅពេលមានការសង្ស័យផ្សេងៗពាក់ព័ន្ធនឹង COVID-19 ក៏ដូចជាជំងឺផ្សេងទៀតផងដែរ»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានដាក់ចេញបទបញ្ជាឱ្យបណ្តារាជធានី-ខេត្តទាំង២៥ យកសណ្ឋាគារ សាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន ឱ្យរៀបចំធ្វើជាកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ ក្រោយពីជំងឺកូវីដ១៩ បានរីករាលដាលជាបន្តបន្ទាប់នៅកម្ពុជា។

បន្ទាប់ពីទទួលបាននូវបទបញ្ជានេះ អភិបាលរាជធានី-ខេត្តទាំង២៥ បានចាប់ផ្តើមរើសយកសណ្ឋាគារ និងសាលារៀន ព្រមទាំំងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន សម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩នេះ។

សម្រាប់នៅរាជធានីភ្នំពេញវិញ អាជ្ញាធរបានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន០៤កន្លែងរួមមាន៖

*ទី១៖ សណ្ឋាគារ Great Duk (អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់)
*ទី២៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
*ទី៣៖ មន្ទីរពេទ្យចាក់អង្រែក្រោម ខណ្ឌមានជ័យ
*ទី៤៖ មន្ទីរពេទ្យព្រះកេតុមាលា ឬពេទ្យយោធា១៧៩។

គួរជម្រាបថា រហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ សរុបចំនួន៨៧ករណី ដែលក្នុងនោះមាននារី២២នាក់ និងបុរស៦៥នាក់ ដែលមានជនជាតិខ្មែរ៣៥នាក់ និងជនបរទេស៥២នាក់៕