អភិបាលខេត្តព្រះវិហារ បន្ដចុះពិនិត្យទីតាំងស្នាក់នៅ២កន្លែងបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈជាមុន សម្រាប់ព្យាបាលជំងឺកូវីដ១៩ ខណៈខេត្តនេះបានកំណត់២ទីតាំងរួចមកហើយ សម្រាប់បង្ការទប់ស្កាត់ និងការឆ្លងរីករាលដាល


ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៤ ខែមីនានេះ បានបន្ដដឹកនាំក្រុមការងារថ្នាក់ខេត្តចុះពិនិត្យទីតាំងអគារស្នាក់នៅ២កន្លែងបន្ថែមទៀត ដើម្បីត្រៀមទុកជាមុន សម្រាប់ព្យាបាល និងដាក់ដាច់ដោយឡែក ចំពោះអ្នកដែលសង្ស័យ ឬមានផ្ទុកជំងឺកូវីដ១៩។ មានការអញ្ជើញចូលរួមអមដំណើរនាឱកាសនោះ រួមមាន ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងជាសមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជាច្រើនរូបផងដែរ ។

ការចុះពិនិត្យទីតាំងនេះ បានធ្វើឡើងដោយមានការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យខេត្តនីមួយៗ ត្រៀមលក្ខណៈសម្បតិ្តក្នុងការរៀបចំ និងរកទីកន្លែងដើម្បីត្រៀមបង្ការ ក្នុងករណីដែល COVID-19 ផ្ទុះឡើង។

សូមបញ្ជាក់ថា ការចុះពិនិត្យទីតាំងស្នាក់នៅទាំង២កន្លែងនាពេលនេះ រួមមានទី១ៈ សណ្ឋាគារ ព្រះវិហារជ័យ ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រអែម ស្រុកជាំក្សាន្ដ មានចំនួន ៤០បន្ទប់ និងទីតាំងទី២ៈ ស្ថិតនៅផ្ទះសំណាក់គ្រូបង្រៀន ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ មានចំនួន ២២បន្ទប់។