ឯកឧត្តម សុខ ឥសាន ​៖ ការ​បង្ក​វិនាសកម្ម​របស់​អាមេរិក ហើយ​ទាមទារ​ឲ្យ​សងបំណុល ជា​អំពើ​អសីលធម៌


ភ្នំពេញ ​៖ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម សុខ ឥសាន បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​លើ​បំណុល​ ទោះបីជា លន់ នល់ ខ្ចី​លុយ​អាមេរិក​ទិញ​គ្រាប់បែក​មក​ទម្លាក់​លើ​ប្រជាជន​កម្ពុជា​ឲ្យ ស្លាប់​រាប់សែន​នាក់​ក៏ដោយ ប៉ុន្តែ​ការបង្ករ​វិនាសកម្ម ហើយ​ទាមទារ​ឲ្យ​សងបំណុល​បែបនេះ វា​ជា​អំពើ​អសីលធម៌​ណាស់ សម្រាប់​ប្រទេស​មហាអំណាច​មួយ​នេះ​។

ឯកឧត្តម សុខ ឥសាន លើកឡើង​បែបនេះ បន្ទាប់ពី​លោក វីល្លៀម ហៃ​ដ្ដ (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​វេទិកា​តុមូល នា​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៧​ថា សហរដ្ឋអាមេរិក​មិនដែល​បាន​ពិចារណា ចំពោះ​ការលុបចោល​បំណុល ​ដែល​កម្ពុជា​ជំពាក់​នោះ​ទេ​។

ឯកឧត្តម សុខ ឥសាន ថ្លែង​ថា តាមច្បាប់​អន្តរជាតិ រាជរដ្ឋាភិបាល​កម្ពុជា ពិតជា​ទទួលស្គាល់​ហើយ​រឿង​បំណុល​។ ទោះបីជា​បំណុល​នោះ​ត្រូវ​បាន លន់ នល់ ខ្ចី​ពី​អាមេរិក ទិញ​គ្រាប់បែក​ទម្លាក់​លើ​ប្រជាជន​កម្ពុជា​ឲ្យ​ស្លាប់​រាប់​សែន​នាក់​ក៏ដោយ ប៉ុន្តែ​បញ្ហា​សីលធម៌ ក៏​គួរ​អាមេរិក​មើល​ឃើញ​ផង​ដែរ ដែល​អាមេរិក​ជា​ប្រទេស​មហាអំណាច ហើយ​បាន​បង្ក​វិនាសកម្ម​នៅ​កម្ពុជា បែរជា​ទាមទារ​ឲ្យ​អ្នករងគ្រោះ​សងបំណុល​ទៅវិញ ដូច្នេះ​វា​ជា​បញ្ហា​អសីលធម៌​ខ្លាំង​ណាស់​។

ឯកឧត្តម​បញ្ជាក់​ថា “​រឿង​បំណុល​សហរដ្ឋអាមេរិក​នេះ ខ្ញុំ​យល់ថា វា​ជា​អំពើ​អយុត្តិធម៌​សម្រាប់​កម្ពុជា​ខ្លាំង​ណាស់ ដែល​លុយ​នោះ គឺជា​គ្រាប់បែក​ទម្លាក់​លើ​ប្រជាជន​កម្ពុជា វា​ជា​បញ្ហា​មួយ​គួរ​ឲ្យ​ខកចិត្ត​ខ្លាំង​ណាស់ បើសិនជា​គាត់​មាន​ចេតនា​មិន​លុបចោល​បំណុល​នេះ​”​។