ឧបករណ៍ពិនិត្យមេរោគកូវីដ១៩ និងអាវអៀមសុវត្ថិភាព អំណោយរបស់ក្រុមហ៊ុនចិនជាង២ពាន់ឈុត ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា


(ភ្នំពេញ)៖ ឧបករណ៍តេស្តពិនិត្យរកមេរោគ COVID-19 ជាង២ម៉ឺនឈុត ពីក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd និង Yunnan Province Investment Group Co.,Ltd តាមរយៈលោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតម្រង់ទិស សម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានប្រគល់ជូនដល់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។

ពិធីប្រគល់-ទទួលឧបករណ៍អាវអៀមសុវត្ថិភាពចំនួន១,០០៨ឈុត និងឧបករណ៍ពិនិត្យមេរោគ ១,០០៨ឈុតបានធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នាទីស្តីការក្រសួងសុខាភិបាល។

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា ឧបករណ៍ទាំងនេះ បានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)។ ជំនួយមនុស្សធម៌របស់ក្រុមហ៊ុនទាំងពីរ គឺសម្រាប់ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូវីដ១៩នេះ។ ជាពិសេសចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19​ បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោក តឹករ៉េត សំរេច លោកថ្លែងប្តេជ្ញាបន្តចូលរួមចំណែកទប់ស្កាត់ ប្រឆាំងនឹងកូវីដ១៩នេះ តាមរយៈសកម្មភាពផ្សេងៗទៀត ជាពិសេសផ្សព្វផ្សាយពីវិធានការការពារវីរុសកូវីដ១៩នេះផងដែរ។

ក្នុងឱកាសនោះផងដែរ រដ្ឋមន្ត្រី ម៉ម ប៊ុនហេងក៏បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនខាងលើនេះ នឹងផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ។

សូមជម្រាបថា បើគិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួនតែ០៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានឡើងដល់១០៧នាក់ ខណៈមានអ្នកជាសះស្បើយថ្មីពីជំងឺកូវីដ១៩ចំនួន២នាក់ សរុបកើនដល់២៣នាក់ និងកំពុងសម្រាកព្យាបាល៨៤នាក់ នៃអ្នកឆ្លងសរុប១០៧នាក់៕