ឯកឧត្តម សាយ សំអាល់ ជួបពិភាក្សាការងារជាមួយសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ WWF លើកិច្ចសហប្រតិបត្តិការក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ


នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបពិភាក្សាការងារជាមួយលោក Matthew Harris សមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ WWF លើកិច្ចសហប្រតិបត្តិការក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។ តំណាងអង្គការ WWF បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានអំពីគម្រោងផែនការក្នុងការនាំចូលសត្វខ្លាធំពីប្រទេសឥណ្ឌាមកកាន់កម្ពុជាដើម្បីបង្កើនចំនួនសត្វខ្លាធំនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ និងបានបញ្ជាក់ថា ក្រសួងបរិស្ថានបានធ្លាប់ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌារួចហើយផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីសមិទ្ធផលនានាដែលក្រសួងបរិស្ថានសម្រេចបាននៅក្នុងកិច្ចគាំពារបរិស្ថាន ការក្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍជីវភាពប្រជាជននៅតាមសហគមន៍ ការបង្កើតឱ្យមានទេសចរណ៍ធម្មជាតិគឺជាគន្លឹះសំខាន់ក្នុងការអភិរក្សជីវៈចម្រុះ។