មេបញ្ជាការអាវុធហត្ថខេត្តស្វាយរៀង បញ្ចុះបឋមសិលាកសាងក្លោងទ្វារ និងរបងអាគារបញ្ជាការដ្ឋាន លើទីតាំងថ្មី


(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦​នេះ នៅទីតាំង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង (ទីតាំងថ្មី) ស្ថិតនៅក្នុងភូមិថ្មី សង្កាត់សង្ឃរ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ជាប់ផ្លូវជាតិលេខ១ មានរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសីលាកសាងក្លោងទ្វារ និងរបងដែលមានផ្ទៃដីទទឹង១០៣ម៉ែត្រ បណ្ដាល៣០០ម៉ែត្រ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ចូលរួមមានអភិបាល នៃគណៈអភិបាល ក្រុងស្វាយរៀង មេបញ្ជាការរង ប្រធានអនុប្រធានមន្ទីរ នាយការិយាល័យចំណុះ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក ចៅសង្កាត់ មេភូមិថ្មី ព្រមទាំងតាជីយាយជី ជាច្រើនបានចូលរួមផងដែរ ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងគំនិតផ្ដួចផ្ដើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង ជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ស្ដីពីការកសាងអាគារអង្គភាព សម្រាប់បំរើការងារឲ្យបានសមរម្យទៅតាមការ រីកចំរើនរបស់ប្រទេសជាតិ និងដើម្បីងាយស្រួល ក្នុងកិច្ចប្រតិបត្តិការ ជួយអន្តរាគមន៍ ការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕