របាយការណ៍ពីGoogleបង្ហាញថា ពលរដ្ឋកម្ពុជាកាត់បន្ថយការចេញពីផ្ទះ ដែលជាសញ្ញាដ៏ល្អក្នុងការពារមិនឱ្យឆ្លងជំងឺកូវីដ-១៩


 

(បច្ចេកវិទ្យា)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ចាប់ផ្តើម ពីថ្ងៃ សុក្រ ទី០៣ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុន  Google បានចាប់ផ្ដើមចុះផ្សាយទិន្នន័យ ទាក់ទងនឹងទីតាំង អ្នក ប្រើប្រាស់ (Community Mobility Reports) ដើម្បី ជួយ អាជ្ញាធរនៃប្រទេសនីមួយៗ ងាយស្រួលក្នុងការអង្កេតចំនួនមនុស្សក្នុងតំបន់ ទាក់ទងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ របាយការណ៍នេះបង្ហាញពីទីតាំងរបស់អ្នកប្រើប្រាស់ ដែលបានឯកភាពបើក សិទ្ធឱ្យក្រុមហ៊ុន ទាញយក ទិន្នន័យទីកន្លែង (Location) របស់ពួកគេ ប៉ុន្តែ ទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់នឹងពុំត្រូវបានបង្ហាញជាសាធារណៈនោះទេ។

លោកស្រី Jen Fitzpatrick ដែលជាអ្នកដឹកនាំរៀបចំកម្មវិធីនេះបាននិយាយថា ក្រុមហ៊ុនទាញយកទិន្នន័យពីផែនទីរបស់ Google ហើយបង្ហាញពីកម្រិតចំនួនមនុស្សនៅក្នុងតំបន់អាជីវកម្មនីមួយៗ ដែលទិន្នន័យនេះវាមានអត្ថប្រយោជន៍ណាស់សម្រាប់អាជ្ញាធរផ្នែកសុខាភិបាល ធ្វើសេចក្តីសម្រេចចិត្ត ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩។ បច្ចុប្បន្នរបាយការណ៍នេះមានសម្រាប់ ១៣១ប្រទេស ដោយផ្ដល់ឱ្យជាប្រភេទឯកសារ PDF ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការចែកចាយ ហើយងាយយល់ដោយដាក់បង្ហាញទីតាំងផ្សេងៗគ្នាចែកជា៦ប្រភេទ ដូចជា៖

១-កន្លែងកម្សាន្ត ផ្សារ សារមន្ទីរ បណ្ណាល័យ រោងភាពយន្ត…

២-ហាងទំនិញ ឱសថស្ថាន

៣-សួន ឧទ្យាន សួនកម្សាន្តសាធារណៈ ឆ្នេរសមុទ្រ ផ្លាសា…

៤-ស្ថានីយ ធ្វើ ដំណើរសាធារណៈ ចំណតរថយន្តក្រុង ស្ងានីយរថភ្លើង…

៥-កន្លែងការងារ

៦-កន្លែងស្នាក់នៅ ឬលំនៅឋាន

សម្រាប់ នៅកម្ពុជា របាយការណ៍នេះបង្ហាញថា អំឡុងសប្តាហ៍មុន ចំនួន អ្ន កនៅក្នុងតំបន់ កន្លែងកម្សាន្ត និង ផ្សារ មានការថយចុះ ៤៣% សួន ឧទ្យានមានការថយចុះ ៣១% ចំណែកឯកន្លែងស្នាក់នៅមានការកើនឡើង ១២%។ នេះបញ្ជាក់ថាប្រជាពលរដ្ឋយើងបានកាត់បន្ថយការចេញពីផ្ទះ ដែលជាសញ្ញាដ៏ល្អមួយក្នុងការកាត់បន្ថយឆ្លងនៃជំងឺកូវីដ-១៩។

ហេតុផលសំខាន់ដែលធ្វើឱ្យក្រុមហ៊ុន Google ធ្វើបែបនេះ ក៏ព្រោះតែចង់ឱ្យអាជ្ញាធរអាច ចាត់វិធានការទៅលើកការចល័ត ឬប្រមូលផ្តុំរបស់មនុស្សនៅកន្លែងណាមួយមានគ្នាច្រើនពេក ឬក៏អាចជាការកំណត់ប្តូរម៉ោងក្នុងការដើរហើរខ្លះ ក៏ដូចជាអាចបិទកន្លែងណាមួយជាដើម ដើម្បីបញ្ជៀសការចេញដើរ និងទៅកន្លែងតែមួយ ក្នុងពេលដំណាលគ្នាច្រើនពេក ដែលទាំងនេះក៏ជាការជួយក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ បានផងដែរ៕