(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានជំរុញ និងលើកទឹកចិត្តដល់សមាជិកទាំងអស់ ពិសេសបណ្ដារោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនដែលមានឃ្លាំងស្ដុកទុក បន្តទិញស្រូវពីកសិករដែលផលិតបាន ក្នុងតម្លៃមួយសមរម្យតាមតម្លៃទីផ្សារ។
ការស្នើរបស់សហព័ន្ធស្រូវអង្ករកម្ពុជានេះ ដើម្បីធានាសន្តិសុខស្បៀង ជាពិសេសអង្ករសម្រាប់បង្ការត្រៀមទុក ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាយើង និងពិភពលោក មានការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលវែង។
សូមបញ្ជាក់ថា ជាការគិតគូរពីសុខមោលភាព និងសុវត្ថិភាពស្បៀងអាហារសម្រាប់ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើសេចក្តីសម្រេចឲ្យផ្អាកការនាំចេញស្រូវ និងអង្ករ “ស” មួយរយៈពេល រហូតដល់មានការជូនដំណឹងថ្មី ដែលត្រូវចូលជាធរមានចាប់អនុវត្តពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះតទៅ៕