សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យបង្កើនប្រាក់ឧបត្ថម្ភគ្រូពេទ្យនៅជួរមុខដែលកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយ COVID-19


(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយ COVID-19 ដែលកំពុងតែរីករាលដាល នៅទូទាំងពិភពលោកនេះ បានបញ្ជាឲ្យក្រសួងពាក់ព័ន្ធ គឺក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ត្រូវបង្កើនប្រាក់ឧបត្ថម្ភដល់គ្រូពេទ្យនៅជួរមុខ ដែលកំពុងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺនេះ។ តាមរយៈសារសំឡេងដែលបានផ្ញើទៅកាន់ថ្នាក់ដឹកនាំ ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការដែលលោកបញ្ជាឲ្យបង្កើនជីវភាពគ្រូពេទ្យនៅជួរមុខនៅពេលនេះ ដោយសារមើលឃើញពីអ្វីដែលក្រុមគ្រួពេទ្យទាំងអស់នោះ បាននិងកំពុងខិតខំប្រឹងប្រែងបំពេញការងារ។

ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺ COVID-19 សម្តេច ហ៊ុន សែន បានអះអាងថា ក្នុងរយៈពេលនេះ ក្រុមគ្រួពេទ្យនៅជួរមុខទាំងអស់នោះ គ្មានពេលវេលាដើម្បីបានទៅជួបក្រុមគ្រួសារ ប្រពន្ធ កូននោះឡើយ ដូច្នេះហើយដើម្បីឲ្យគ្រូពេទ្យហ្នឹងនចិត្ត ទើបសម្ដេចសម្រេចបញ្ជាឲ្យបង្កើនថវិកាឧបត្ថម្ភតែម្ដង។ សម្តេច ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានខែនេះ គ្រូពេទ្យទាំងអស់នេះ អត់បាននៅជិតប្រពន្ធ កូនទេ គឺជាការលះបង់មួយខ្ពស់ណាស់ ដូច្នេះដើម្បីកុំឲ្យក្រុមគ្រូពេទ្យមានការពិបាកក្នុងការគិតគូរទៅដល់ក្រុមគ្រួសារ ខ្ញុំសូមស្នើឲ្យពិនិត្យបង្កើននូវប្រាក់ឧបត្ថម្ភ សម្រាប់គ្រូពេទ្យនេះ ថែមទៀត ដើម្បីឲ្យគ្រូពេទ្យទាំងនេះហ្នឹងនចិត្ដ កុំខ្វល់ទៅដល់បញ្ហាទាក់ទិនទៅនឹងគ្រួសារ ដែលនៅផ្ទះ ហើយគ្នាអត់ដែលបានទៅជួបសោះ»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលតែនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលប្រទេសជាតិជួបការលំបាក បានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈការបង្កើនប្រាក់ឧបត្ថម្ភនេះ នឹងធ្វើឲ្យក្រុមគ្រូពេទ្យនៅជួរមុខទាំងអស់ អាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីបំពេញការងារ ប្រយុទ្ធប្រឆាំងជាមួយជំងឺ COVID-19 ដែលកម្ពុជាកំពុងប្រឈម។

សូមជម្រាបថា តាមតួលេខដែលបង្ហាញដោយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកជាសះស្បើយពីជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា បានកើនឡើងរហូតដល់៤៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ធ្លាក់ចុះមកត្រឹមចំនួន៦៥នាក់ នៃអ្នកឆ្លងសរុប១១៤នាក់៕