សម្តេចហ៊ុនសែ​នដាក់វិធានកា​របន្ថែមហាម​ឃាត់ការ​នាំចេញត្រីទៅក្រៅប្រទេសដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារខ​ណៈដែលការរី​ករាលដាលជំងឺកូវីដ១​៩កាន់​តែខ្លាំង


(ភ្នំពេញ)៖ សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០នេះ បានដាក់ចេញវិធានការឱ្យក្រសួងពាក់ព័ន្ធហាមឃាត់ការនាំចេញត្រីទៅក្រៅប្រទេសដើម្បីត្រៀមបម្រុងទុកកុំឱ្យមានការខ្វះខាតលើស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេស ខណៈដែលការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងឡើង។

សម្តេច ហ៊ុន សែន បានកំណត់ថា វិធានការនេះ គឺជាវិធានការបន្ថែមក្នុងគោលបំណងរក្សាសន្តិសុខស្បៀង ខណៈដែលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាក៏បានហាមឃាត់មិនឱ្យការនាំចេញអង្ករនិងស្រូវទៅក្រៅប្រទេសផងដែរ។ លើកលែងតែប្រភេទអង្ករសែនក្រអូបតែប៉ុណ្ណោះ។

សម្តេចបានថ្លែងបញ្ជាក់ថាយ៉ាងដូច្នេះថា៖ «ដើម្បីចៀសវាងការឡើងថ្លៃត្រីត្រីក៏គួរតែត្រូវបានរក្សាទុកដោយក្នុងដំណាក់កាលនេះគួរតែហាមឃាត់នូវការនាំចេញត្រីទៅក្រៅប្រទេសផងដែរ។ កន្លងទៅយើងមិនបានហាមឃាត់ទេ គឺយើងហាមតែស្រូវនិងអង្ករ។ ក៏ប៉ុន្តែអាចនឹងមានការនាំចេញត្រី អញ្ចឹងសុំឲ្យត្រីបង្វិលមកលក់នៅក្នុងទីផ្សារ»។

សម្ដេចហ៊ុន សែន ការហាមឃាត់ការនាំចេញត្រីនេះ ជាការដាក់ចេញនូវវិធានការបន្ថែមទៀត ក្នុងនោះតម្រូវមានការស្តុកទុកបម្រុងម៉ាសចំនួន១០លានម៉ាស់ថែមទៀត។ ត្រៀមបម្រុងសម្លៀកបំពាក់គ្រូពេទ្យ៥ពាន់កំផ្លេទៀត និងម៉ាស N95 ចំនួន៥ពាន់ម៉ាស់បន្ថែមទៀតផងដែរ។ ដោយឡែកសម្រាប់អាល់កុលលាងដៃវិញសម្តេចហ៊ុន សែនបានបញ្ជាឲ្យផលិតទុកឱ្យបាន១លានលីត្រ ដើម្បីការពារមិនឲ្យមានការខ្វះខាតជាដាច់ខាតដល់ប្រជាជនយើង៕