កណ្តាល ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ នាព្រឹកថ្ងៃសៅរ៍១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០បានចុះជួបជាមួយបងប្អូនប្រជាពលរដ្ឋនៅស្រុកកោះធំ ដើម្បីផ្សព្វផ្សាយវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកក្រមា និងសាប៊ូលាងដៃទៅចែកជូនបងប្អូនប្រជាពលរដ្ឋប្រមាណ៤៤៧៣ ខ្នងផ្ទះ ដើម្បីចូលរួមចំណែកក្នុងការការពារ បង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩។
គួររំលឹកដែរថានាពេលកន្លងមក ឯកឧត្តមទេសរដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការមួយចំនួននៅក្រសួងសាធារណការនិងដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន នឹងកន្លែងផ្ដល់សេវាសាធារណៈ ដោយតម្រូវឲ្យមន្ត្រីត្រូវឆ្លងកាត់នូវការពិនិត្យកម្តៅមុនចូលបំពេញការងារ ជាមួយនឹងការបំពេញនូវទម្រង់បែបបទតាមអនឡាញតាមដានសុខភាព ក្នុងករណីមានមន្ត្រីសង្ស័យមានផ្ទុកមេរោគកូវីដ១៩ ដើម្បីចាត់វិធានការសង្គ្រោះបន្ទាន់។
គួរបញ្ជាក់ថាឯកឧត្តមរដ្ឋមន្ត្រីក៏បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរដើម្បីឪ្យពួកគាត់មានការយល់ដឹង ក៏ដូចជាប្រកាន់ខ្ជាប់នូវក្បួនអនាម័យ ក្នុងការបញ្ចៀសនូវការផ្ទុកជម្ងឺកូវីដ១៩ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕