(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានព្រមានចាត់វិធានការលើក្រុមហ៊ុន ឬម្ចាស់ស្ថានីយ៍និងដេប៉ូលក់ប្រេងឥន្ធនៈណា ដែលរកឃើញថា បានលក់ប្រេងជូនអតិថិជនរបស់ខ្លួនក្នុងតម្លៃថ្លៃខ្ពស់ជាងសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ឬលក់មិនគ្រប់លីត្រឬលក់បន្លំគុណភាពជាដើម។
សូមជំរាបជូនថាកាលពីពេលថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាបានជូនដំណឹងឲ្យម្ចាស់ស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈទាំងអស់នៅកម្ពុជា លក់១លីត្រតម្លៃ២ ៣៥០រៀល សម្រាប់ប្រេងសាំងធម្មតានិងតម្លៃ២៤៥០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី ០១ មេសា បានកំណត់ឲ្យម្ចាស់ស្ថានីយ៍ ឬដេប៉ូលក់ប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេសកម្ពុជា លក់១លីត្រតម្លៃ២ ៣៥០រៀល សម្រាប់ប្រេងសាំងធម្មតា EA92 និង១លីត្រតម្លៃ២ ៤៥០រៀល សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែកន្លងមកមន្ត្រីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានរកឃើញថា មានស្ថានីយ៍ឬដេប៉ូលក់ប្រេងឥន្ធនៈមួយចំនួន បានបន្តលក់ប្រេងឥន្ធនៈជូនអតិថិជនរបស់ខ្លួន ក្នុងតម្លៃដែលខ្ពស់ ជាងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ហើយក៏មានស្ថានីយ៍ឬដេប៉ូមួយចំនួនទៀត ត្រូវបានរកឃើញដែរថា បានលក់ប្រេងឥន្ធនៈកិបកេងលើបរិមាណនិងបន្លំផ្នែកគុណភាពជាដើម។ប្រឈមនឹងបញ្ហានេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំនៃក្រសួងពាណិជ្ជកម្ម បានជូនដំណឹងមួយទៀតកាលពីថ្ងៃទី ០២ មេសា ដោយព្រមានចាត់វិធានការលើក្រុមហ៊ុន ឬ ម្ចាស់ស្ថានីយ៍ និងដេប៉ូលក់ប្រេងឥន្ធនៈណា ដែលរកឃើញថា បានលក់ប្រេងជូនអតិថិជនរបស់ខ្លួនក្នុងតម្លៃថ្លៃ ខ្ពស់ជាងសេចក្តីជូនដំណឹងរបស់ខ្លួនឬលក់មិនគ្រប់លីត្រ ឬលក់បន្លំគុណភាព ជាដើម។
វិធានការទាំងនោះមានជាអាទិ៍៖ ការពិន័យអន្តរការណ៍ឬស្នើសុំបិទផ្អាកប្រតិបត្តិការជាបណ្តោះអាសន្នឬធ្ងន់ធ្ងរជាងនេះ នឹងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតែម្តង។ នោះប្រសិនបើម្ចាស់ស្ថានីយ៍ឬដេប៉ូលក់ប្រេងឥន្ធនៈនោះ នៅតែបន្តប្រព្រឹត្តខុសពីសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម។
សូមបញ្ជាក់ថា សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី ០១ មេសា បានកំណត់ឲ្យម្ចាស់ស្ថានីយ៍ ឬដេប៉ូលក់ប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេសកម្ពុជា លក់១លីត្រតម្លៃ២៣៥០រៀល សម្រាប់ប្រេងសាំងធម្មតា EA92 និង១លីត្រតម្លៃ២៤៥០រៀលសម្រាប់ប្រេងម៉ាស៊ូត។ តម្លៃនេះបានធ្លាក់ចុះប្រមាណជា៤០០រៀលបើធៀបនឹងតម្លៃប្រេងឥន្ធនៈដែលកម្ពុជាបានកំណត់កាលពីមួយសប្តាហ៍មុន ដែលក្នុង១លីត្រ តម្លៃ ៣០៥០រៀល។
ជាការកត់សំគាល់ នេះគឺជាការធ្លាក់ថ្លៃជាគំហុកនៃតម្លៃប្រេងឥន្ធនៈនៅកម្ពុជា ដែលពុំធ្លាប់មានឡើយក្នុងរយៈពេលជាង២ទសវត្សន៍មកនេះ។ ការធ្លាក់ថ្លៃនេះ គឺស្របពេលដែលតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃជាគំហុកផងដែរដោយសារតែវិបត្តិកូវីដ១៩។
សូមបញ្ជាក់ដែរថា តម្លៃនេះ គឺសម្រាប់លក់តែរយៈពេលកន្លះខែប៉ុណ្ណោះពោលគឺចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី ១៥ មេសា ឆ្នាំ២០២០នេះ។ ក្រសួងពាណិជ្ជកម្មកម្ពុជាមិនមែនជាអ្នកកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជានោះទេ តែក្រសួងតែងតែជូនដំណឹងពីការលក់រាយប្រេងឥន្ធនៈនៅកម្ពុជានេះនៅរៀងរាល់កន្លះខែម្តងតែប៉ុណ្ណោះ៕