ឯកឧត្តម ស្វាយ សំអ៊ាង បានបន្តនាំយកសម្ភារប្រើប្រាស់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផ្តល់ជូនរដ្ឋបាលស្រុកកែវសីមា


មណ្ឌលគិរីះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក សាយ ម៉េងគីម និងលោក ឈឹម កាន អភិបាលរងខេត្ត រួមទាំងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បានបន្តនាំយកសម្ភារប្រើប្រាស់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផ្តល់ជូនរដ្ឋបាលស្រុកកែវសីមា ដើម្បីចែកចាយបន្តដល់រដ្ឋបាលឃុំនិងភូមិ នៅក្នុងមូលដ្ឋាន ក្នុងការកាត់បន្ថយហានិភ័យការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលប្រព្រឹត្តទៅនៅសាលាស្រុកកែវសីមា នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត ក៏បានណែនាំដល់រដ្ឋបាលស្រុកកែវសីមា ត្រូវអប់រំផ្សព្វផ្សាយពីវិធានការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ ដោយអនវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា លាងដៃជាមួយសាប៊ូ ទឹកអាល់កុល រឺជែល ជាប្រចាំចៀសវាង ការចាប់ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់ម៉ាស់ក្នុងទីប្រជុំជន ហើយត្រូវតាមដានសុខភាពប្រសិនមានអាការៈក្អកមិនបាត់ ក្តៅខ្លួន ខ្លាំង សូមប្រញាប់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ រឺខលទៅលេខទូរសព្ទ័១១៥ ដើម្បីទទួលបានសេវាពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី រហូតមកដល់ពេលនេះ មិនទាន់រកឃើញករណីសង្ស័យឬ ផ្ទុកកូវីដ១៩នៅឡើយទេ តែទោះយ៉ាងណា ក៏សូមឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវតាមដាន និងក្ដាប់ឱ្យបានច្បាស់លាស់នូវស្ថិតិប្រជាពលរដ្ឋ ដែលបានចូលមកដល់មូលដ្ឋាន ជាពិសេសពលរដ្ឋ ដែលវិលត្រលប់មកពីក្រៅប្រទេស និងត្រូវអប់រំណែនាំពួកគាត់ឱ្យបានយល់ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនអំពីវិធានការ នៃការដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ ហើយក្នុងករណីមានការសង្ស័យ ត្រូវនាំគាត់ទៅពិនិត្យ និងព្យាបាលជាបន្ទាន់។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បាននាំយកសម្ភារសម្រាប់ប្រើប្រាស់ ដែលជាអំណោយរបស់សប្បុរសជន រួមមាន ក្រុមការងារយុវជនគណបក្សខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់ស្រលាញ់សន្តិភាពខេត្ត រួមមាន អាល់កុល ១១០លីត្រ ម៉ាស់ការពារ ១៥ប្រអប់ សាប៊ូដុំ ២.៩០០ដុំ និងខិតប័ណ្ណមួយចំនួន ប្រគល់ជូនរដ្ឋបាលស្រុកកែវសីមា និងឃុំទាំង០៥ក្នុងស្រុក ដើម្បីយកទៅចាត់ចែងបន្តនៅក្នុងមូលដ្ឋាន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕