សម្ដេចតេជោ៖ តើ LDP មកពឹងខ្ញុំ ឬមកប្រដៅខ្ញុំ ឬមកជេរខ្ញុំ


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរព្រមាន ដល់សកម្មជនគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) ចំពោះការចាប់ខ្លួនសមាជិក LDP ១៣នាក់ ពាក់ព័ន្ធរឿងដីធ្លី នៅខេត្តកំពត ថា តើពួកគាត់ ចូលមកដើម្បីសុំអន្តរាគមន៍ ឬមកជេរប្រដៅសម្ដេច ។

ការលើកឡើងរបស់ សម្ដេចតេជោបែបនេះបន្ទាប់ពី មាន Account ហ្វេសប៊ុក ជាច្រើន ដែលជាសកម្មជន LDP បានចូលមកខមមិន សុំអន្តរាគមន៍ពីសម្ដេច រឿងមានការឃាត់ខ្លួន សកម្មជន LDP ១៣នាក់ ពាក់ព័ន្ធករណីទំនាស់ដីធ្លី នៅខេត្តកំពត ដែលក្នុងនោះមាន Account ហ្វេសប៊ុកឈ្មោះ បើសិន ជាប្រុស បានចូលមកខមមិន ក្នុងហ្វេសប៊ុកសម្ដេចតេជោថា “សូមសម្តេចបើកការ ស៊ើបអង្កេតលើករណី LDP ១៣នាក់​ នៅខេត្តកំពតជាបន្ទាន់ ។​ កូនចៅថ្នាក់ក្រោមសម្តេច​ កំពុងបំផ្លាញរដ្ឋាភិបាល សម្តេចហើយ” ។

ក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក របស់សម្ដេចតេជោ នៅថ្ងៃទី៨ កុម្ភៈនេះ បានសរសេរខមមិន តបទៅកាន់ LDP វិញថា “ជូនបងប្អូននៅ LDP រឿងនៅខេត្តកំពតបានស្ថិត ក្នុងដៃតុលាការរួចទៅហើយ ។ សូមបងប្អូនចូល មកនិយាយមានភាពថ្លៃថ្នូរ និងមានសុជីវធម៌។ តើមកពឹងខ្ញុំឬមកប្រដៅខ្ញុំឬមកជេរខ្ញុំ ។ សុំរកមេធាវីតតាំងក្តី តាមផ្លូវតុលាការ ។ សូមកុំហួសហេតុពែកល្មមៗបានហើយ” ៕