ជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អំពីការធ្វើឲ្យប្រសើរឡើង ដល់លក្ខខណ្ឌ នៃការជួលយន្តហោះនៅកម្ពុជា


ថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
ឯកឧត្តមឯកអគ្គរដ្ឋទូត Heidt បានស្នើសុំអនុសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ទាក់ទងនឹងការអនុវត្ដអនុសញ្ញាទីក្រុងCapeដែលអាចធ្វើឱ្យប្រសើរឡើងដល់លក្ខខណ្ឌ នៃការជួលយន្តហោះនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត Heidt ពិភាក្សាអំពីប្រធានបទនេះជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។លើសពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីកម្មវិធីបណ្តុះបណ្តាលប្រកបដោយសក្តានុពលស្តីអំពីសុវត្ថិភាពនិងការតភ្ជាប់តំបន់ដែលនឹងត្រូវផ្ដល់ដោយសហរដ្ឋអាមេរិកសម្រាប់សិក្ខាកាមអាស៊ាន។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរចំពោះសហរដ្ឋអាមេរិកចំពោះការផ្តល់ជូននូវសិក្ខាសាលាបណ្តុះបណ្តាលប្រកបដោយសក្កានុពលនេះ។ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យសហរដ្ឋអាមេរិកជួយផ្តល់ការគាំទ្រដល់ការកែលម្អស្លាកសញ្ញាផ្លូវថ្នល់ក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។