កិច្ចប្រជុំក្រុមប្រឹក្សាខេត្តកណ្តាល


ខេត្តកណ្តាល៖ រសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ១១ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួម ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង៣។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជុំវិញខេត្ត ដែលបានយកចិត្តទុកដាក់ ធ្វើយុទ្ធនាការផ្សព្វផ្សាយ ការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរថ្មី កូវីដ១៩ និងបាននាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត បានអំពាវនាវដល់ សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងសប្បុរសជននានា បន្តជួយឧបត្ថម្ភដល់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

ឯកឧត្តម ក៏បានជំរុញដល់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត ត្រូវបន្តខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋបានកាន់តែប្រសើរថែមទៀតផងដែរ។