ឯកឧត្តមរដ្ឋមន្រ្តី វង សូត៖ ដើម្បីសុខភាពរបស់ខ្លួនឯង គ្រួសារ និងសង្គមជាតិ យើងត្រូវរួមគ្នាទប់ស្កាត់ជំងឺកូវីត១៩ តាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា


(ព្រៃវែង)៖ ឯកឧត្តមរដ្ឋមន្រ្តី វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគិតគូរយ៉ាងខ្លាំងពីផលប្រយោជន៍ប្រទេសជាតិ និងសុខភាពប្រជាពលរដ្ឋ ដែលយើងទាំងអស់គ្នា ត្រូវចូលរួមសហការដើម្បីសុខភាពខ្លួនឯង, គ្រួសារ និងដើម្បីប្រទេសយើងទាំងមូលនោះ ទប់ស្កាត់ការឆ្លងរីករាលដាលចំងឺកូវីត១៩ ដែលកំពុងរាតត្បាតនៅទូទាំងពិភពលោក។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី  វង សូត បានធ្វើឡើងខណៈលោកអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ទើបវិលត្រឡប់ពី ប្រទេសថៃ ហើយស្ម័គ្រចិត្តស្នាក់នៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានបន្ថែមថា នេះជាតួនាទីយើងទាំងអស់គ្នា ក្នុងទប់ស្កាត់ជំងឺកូវីត១៩ ដែលពិភពលោកក៏ដូចប្រទេសកម្ពុជា កំពុងព្រួយបារម្ភ ពីព្រោះជំងឺនេះ មិនទាន់មានថ្នាំព្យាបាលនៅឡើយ ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកចំណាកស្រុកមេត្តា យោគយល់ចំពោះវិធានការ មួយចំនួនរបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានជម្រុញដល់អាជ្ញាធរភូមិ/ឃុំ ទាំងត្រូវបន្តយកចិត្តទុកដាក់ថែមទៀត ចំពោះសុខទុក្ខ និងតម្រូវការរបស់ពលរដ្ឋ ពិសេសត្រូវចុះដល់ខ្នងផ្ទះ និងសិក្សាថា តើគ្រួសារណាខ្លះដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីក្រុមការងារជួយពួកគាត់បានទាន់វេលា និងចំគោលដៅ។

ក្នុងនោះលោកក៏បានឧបត្ថម្ភចំពោះបងប្អូនចំណាក់ស្រុកមកពីថៃ ដែលស្ម័គ្រចិត្តមកស្នាក់នៅដាច់ដោយឡែកផងដែរ ដើម្បីសម្រួលដល់ការចំណាយប្រចាំថ្ងៃរបស់ពួកគាត់។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានផ្ដល់អំណោយម៉ាស៊ីនវាស់កម្ដៅចំនួន២៧ និងអាល់កុលចំនួន២៧ពីដុង ចំណុះ៥លីត្រ ជែលលាងដៃ៣កេស ទូសង្គ្រោះបឋមចំនួន១០ ឱសថសង្គ្រោះបឋមចំនួន១០ឈុត និងថវិកាចំនួន៥លានរៀល សម្រាប់ទ្រទ្រង់មូលនិធិឃុំ ដើម្បីសម្របសម្រួលក្នុងការបង្ការ និងទប់ស្កាត់ នៅក្នុងមូលដ្ឋាន ជូនដល់ភូមិទាំង២៦ ក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្រៅពីនោះ ឯកឧត្តមរដ្ឋមន្រ្តី វង សូត ក៏បានផ្ដល់អំណោយជូនដល់ប្រជាពលករ ដែលមានស្រុកកំណើតនៅឃុំជាច ដែលទើបត្រឡប់ពីប្រទេសថៃចំនួន២៤ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានសម្ភារៈ ឧបភោគបរិភោគរួមមានអង្ករ៨០០គីឡូក្រាម មីយើងចំនួន១៥កេស ត្រីខចំនួន៣កេស ប្រេងឆាចំនួន៣កេស ក្រមាចំនួន១០០ក្រមា និងថវិកាមួយចំនួនទៀតផងដែរ៕