ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) សូមធ្វើការកត់សំគាល់ថា ពិភពលោកទាំងមូលរួមទាំងប្រទេសកម្ពុជាយើងផង នៅពេលនេះកំពុងយាយីដោយជំងឺឆ្លងកូវីដ–១៩ ដែលមិនទាន់មានសញ្ញាណនៃការស្រាកស្រាន្តនៅឡើយទេ។នៅពេលនេះយ៉ាងហោចគឺជាលើកទី១១ហើយ ដែលពិភពលោកទាំងមូលរងការរាតត្បាតជាទ្រង់ទ្រាយធំពីជំងឺកាចសាហាវនេះដែលប្រវត្តិសាស្ត្រពិភពលោកកន្លងមក មានជំងឺឆ្លងរាតត្បាតធំៗដូចជា៖ ជំងឺប៉េស្ត ជំងឺអាសន្នរោគ ជំងឺផ្តាសាយច្រើនប្រភេទ និងជំងឺអេដស៍ ដែលបានឆក់យកជីវិតមនុស្សជាច្រើននាក់។ ឥឡូវនេះ ការកើតឡើងនៃជំងឺកូវីដ–១៩ កំពុងមានឥទ្ធិពលលើសង្គមជាបន្តបន្ទាប់មានដូចជា៖ ការគំរាមកំហែងដល់អាយុជីវិត ការចុះថយនៃស្មារតីសាមគ្គីភាពអន្តរជាតិ ការរើសអើង ទំនៀមទម្លាប់ប្រពៃណី សិទ្ធិសេរីភាព សង្វាក់ផលិតកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច អភិបាលកិច្ច ការប្រាស្រ័យទាក់ទង និងសណ្តាប់ធ្នាប់សង្គម ដែលទាំងអស់គ្នាត្រូវប្រែប្រួលសម្របតាម ដើម្បីយកឈ្នះលើជំងឺនេះ និងដើម្បីទាំងអស់គ្នា។
ក្នុងស្ថានភាពបែបនេះ ទាំងរដ្ឋាភិបាលនៃប្រទេសនីមួយៗនិងផ្នែកពាក់ព័ន្ធ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់បំផុតជាប្រចាំ លើការដាក់ចេញវិធានការអាទិភាពនានា រួមទាំងធ្វើសកម្មភាពបន្តបន្ទាប់ ដើម្បីការពារព្យាបាលសង្គ្រោះអាយុជីវិតប្រជាជន។ អាយុជីវិតប្រជាពលរដ្ឋ ពោលសំដៅដល់ «សិទ្ធិរស់រានមានជីវិត» នៅពេលនេះគឺជាអាទិភាពទី១ និងមានតម្លៃជាងអ្វីទាំងអស់។ ជំងឺកូវីដ–១៩មានលក្ខណៈជាជំងឺឆ្លងរាតត្បាតជាសកល ប៉ុន្តែវិធានការចំពោះមុខនៅតាមប្រទេសនីមួយៗ គឺមានលក្ខណៈជាតិ ហើយទាមទារការយល់ដឹង ការចូលរួមពីគ្រប់ផ្នែកនិងប្រជាពលរដ្ឋគ្រប់ៗរូប ដោយ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ នៅក្នុងកាលៈទេសៈដែលប្រទេសជាតិត្រូវការបច្ចេកទេសជាក់ស្តែង ជាង ទស្សនៈមតិ ដើម្បីដោះស្រាយបញ្ហា នោះតួនាទីរបស់រាជរដ្ឋាភិបាល រួមជាមួយវិធានការសុខាភិបាលជាបន្តបន្ទាប់ គឺដើរតួនាទីស្នូលក្នុងការការពារអាយុជីវិតប្រជាជនទាំងអស់។ ប្រជាជនកម្ពុជាពិតជាមានការត្រេកអរ ដែលចំនួនអ្នកឆ្លងជំងឺនេះនៅកម្ពុជាមានអត្រាទាប ហើយសុទ្ធសឹងជាករណីឆ្លងចម្លងចូលពីខាងក្រៅហើយក៏គ្មានអ្នកណាម្នាក់រងគ្រោះដល់អាយុជីវិតឡើយ។ ក្នុងន័យនេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមធ្វើការអំពាវនាវដល់ អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមេត្តាបន្តចូលរួមដូចតទៅ៖
ទី១. សូមប្រើប្រាស់ សេរីភាពសម្តែងមតិ និងសេរីភាពសារព័ត៌មាន ក្រោមស្មារតីរួមចំណែកអប់រំការយល់ដឹងសុខភាពសាធារណៈនិងលើកកម្ពស់ «សិទ្ធិរស់រានមានជីវិត» ជាអាទិភាពបំផុត។ ដរាបណាអាយុជីវិតត្រូវបានថែរក្សាការពារល្អប្រសើរ នោះទើបមនុស្សគ្រប់ៗរូប មានឱកាសបន្តអនុវត្តសិទ្ធិជាមូលដ្ឋានដទៃទៀត រួមទាំងសិទ្ធិសេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិផងដែរ។
ទី២. សូមបន្តចូលរួមជួយផ្សព្វផ្សាយនូវព័ត៌មាន និង សារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល ដែលមានសារប្រយោជន៍បម្រើដល់ការយល់ដឹងរបស់សាធារណជន ក្នុងការបង្ការការពារទប់ស្កាត់ការឆ្លងជំងឺនេះ។
ទី៣. សូមអំពាវនាវបន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងចូលរួមគោរព ការណែនាំនានារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ–១៩។ ពលរដ្ឋ គ្រប់ៗរូបនៃប្រជាជាតិនីមួយៗ ក្នុងនោះរួមទាំងអ្នកសារព័ត៌មានផង ដែលគោរពអនុវត្តតាមគោលការណ៍នានាក្នុងដំណាក់កាលនេះ ដើម្បីធានាការពារដល់អាយុជីវិតមនុស្សជាតិ គឺមិនមែនជាការបាត់នូវឯករាជ្យវិជ្ជាជីវៈនោះទេ។ ការបាត់បង់ដ៏ធំបំផុតដែលគួរយកចិត្តទុកដាក់ខ្ពស់ នោះគឺសុខភាពនិងអាយុជីវិតទៅវិញទេ ហើយដែលទាំងអស់គ្នាគប្បីបន្តចូលរួមខាងសីលធម៌ និងជាកាតព្វកិច្ចក្នុងបុព្វហេតុការពារអាយុជីវិតមនុស្សជាតិ។
ទី៤. សូមក្រើនរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជាប្រចាំ លើសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេសនៅក្នុងពេលចុះបំពេញការងារ ជៀសវាងចូលយកព័ត៌មាននៅកន្លែងមានជំងឺឆ្លង ដោយគ្មានការអនុញ្ញាត និងឬមិនបានការពារខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំក្បួនពីវេជ្ជសាស្ត្រ ព្រមទាំងត្រូវជៀសវាងការផ្សាយលាតត្រដាងអត្តសញ្ញាណអ្នកជំងឺ ដែលជាការរំលោភបំពានសិទ្ធិឯកជនរបស់បុគ្គល។
ទី៥. សូមទាញការចាប់អារម្មណ៍ថា មានសកម្មជននយោបាយជ្រុលនិយមបានកំពុងព្យាយាមធ្វើសកម្មភាពញុះញុង តាមរយៈការផ្ញើសារជាសំឡេងនិងជាអក្សរ ដល់បងប្អូនកម្មករ–កម្មការីនីនិងប្រជាជនខ្លះ មិនឲ្យស្តាប់តាមការណែនាំក៏ដូចជាវិធានការនានារបស់អាជ្ញាធរ ក្នុងចេតនាអុជអាលបង្កើតកលយុគសង្គម ហើយបង្ករឲ្យមានគ្រោះថ្នាក់ដល់សុខភាពប្រជាជន ដោយគ្មានការទទួលខុសត្រូវ។ អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មាន និង អ្នកនិយមបណ្តាញសង្គម គប្បីមានការថ្លឹងថ្លែង ប្រុងប្រយ័ត្នហើយរួមចំណែកបំផ្លាញចោលឧបាយកលទាំងនេះ ដើម្បីការពារអាយុជីវិតប្រជាជន។
ទី៦. សូមជៀសវាងការដកស្រង់សម្តី ដោយការកាត់កងសម្តី យកទៅប្រើប្រាស់ក្នុងសំណេរ ឬការអត្ថាធិប្បាយណាមួយដែលផ្ទុយស្រឡះពីគោលគំនិតរបស់ប្រភពព័ត៌មាន។ បែបនេះគឺជាទង្វើមួលបង្កាច់ប្រភព និងជាការភូតកុហកបំភ័ន្តសាធារណជន។ ជាមួយគ្នានេះ សូមជៀសវាងការផ្សាយព័ត៌មាន និងការបញ្ចេញមតិ ដែលមានចេតនា ញុះញុង បញ្ឆេះកំហឹង បង្កើតកលយុគ ក្នុងស្ថានភាពដែលប្រទេសជាតិ កំពុងត្រូវការរួមគ្នាទប់ស្កាត់ការរីករាលដាលកូវីដ–១៩។ នៅគ្រប់បណ្តាប្រទេសនីតិរដ្ឋ ការផ្សព្វផ្សាយដែលបង្កប់ខ្លឹមសារ និងចេតនាបញ្ឆេះកំហឹង ឈានទៅបង្កើតកលយុគ្គសង្គម គឺប្រឈមការផ្ទន្តាទោសដោយច្បា ប់ ដែលអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម តោងមានការយល់ដឹងនិងរលឹកដឹងជាប្រចាំ។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមកោតសរសើរដល់អ្នកសារព័ត៌មានទាំងអស់ ដែលប្រកាន់គោលការណ៍វិជ្ជាជីវៈខ្ពស់ព្រមទាំងសូមយកឱកាសនេះថ្លែងអំណរគុណនិងចូលរួមផ្តល់កម្លាំងចិត្តដល់គ្រូពេទ្យជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការសង្គ្រោះព្យាបាលជូនប្រជាជនឲ្យបានជាសះស្បើយជាបន្តបន្ទាប់ រួចផុតពីការយាយីដល់អាយុជីវិតពីជំងឺឆ្លងដ៏កាចសាហាវនេះ។ទោះបីជាយ៉ាងណាក៏ដោយ សុវត្ថិភាពសុខភាពនិងអាយុជីវិតដែលរក្សាបានមកដល់ពេលនេះ ចាំបាច់ត្រូវបន្តការចូលរួមថែរក្សាពីគ្រប់ផ្នែក។
នៅក្នុងកាលៈទេសៈដែលយើងត្រូវរួមគ្នាជម្នះការលំបាកឲ្យប្រទេសជាតិឆ្លងផុតកូវីដ–១៩ គឺគ្មានសិទ្ធិអ្វីដែលមានអាទិភាពជាង «សិទ្ធិរស់រានមានជីវិត» នោះទេ។ ដូច្នេះ ការចូលរួមរបស់អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមតាមរយៈផ្សាយព័ត៌មានពិត «ព័ត៌មានស្អាត» ដែលគ្មានខ្លឹមសារបំភ្លៃ ញុះញុង អុជអាល បំភ័យ បង្អើល បញ្ឆេះកំហឹង បង្កើតចលាចល កលយុគសង្គម គឺមានគុណតម្លៃរួមចំណែកដល់កម្ពុជា អាចជម្នះបាននូវគ្រាលំបាកនេះ បន្តរក្សាបាននូវ «សន្តិភាពជាអចិន្ត្រៃយ៍» ព្រមទាំងបង្កើតបាននូវកាលានុវត្តភាពថ្មីៗបន្ថែមទៀត សម្រាប់កសាងអនាគតដ៏ប្រសើរនៃមាតុភូមិកម្ពុជាយើង។ ជាថ្មីម្តងទៀត! ពេលនេះគឺជាពេលវេលាដែលយើងទាំងអស់គ្នាចូលរួមពង្រឹងសិទ្ធិជាមូលដ្នានរបស់មនុស្សជាតិគឺ «សិទ្ធិរស់រានមានជីវិត»៕