លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា


(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលមហាសង្ក្រានឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សូមក្រាបថ្វាយព្រះពរ បង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា “ទូលបង្គុះយើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមព្រះបរមរាជានុញ្ញាត សម្តែងនូវកតញ្ញូតាធម៌ដ៏ស្មោះស្ម័គ្រ និងសូមលំឱនកាយ លើកអញ្ជលីប្រណមបួងសូងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង សូមបានប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរ ដើម្បីព្រះអង្គ គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជារាស្រ្តខ្មែរជាកូន ចៅ រស់នៅប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាពជានិរន្តរ៍តរៀងទៅ”។

នៅក្នុងខ្លឹមសារលិខិតបានបន្តទៀតថា “ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះប្រកបដោយទសពិធរាជធម៌ ដ៏ទូលំទូលាយ របស់ព្រះករុណាថ្លៃវិសេស ដោយទឹកចិត្តកតញ្ញូតាធម៌ និងភក្តីភាពស្មោះស្ម័គ្របំផុត”។