ការ​រក្សា​គម្លាត​ពីរ​ម៉ែត្រ​ពី​គ្នា​អាច​កាត់​បន្ថយ​ការ​រាលដាល​កូ​វី​ដ​១៩


 

មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង​អា​មេ​រិ​ក​និយាយ​ថា ការ​កាត់​បន្ថយ​ការ​ជួប​ទល់មុខ​គ្នា​ជាមួយ​អ្នក​ដទៃ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​កាត់​បន្ថយ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩​។

ជាមួយនឹង​សារ​អប់រំ​ខាងលើ​នេះ ប្រជាជន​ត្រូវ​បាន​គេ​លើកទឹកចិត្ត​ឱ្យ​បន្ថយ​ការ​ជួបជុំ​គ្នា បើ​គ្មាន​ការ​ចាំបាច់ ហើយ​ស្ថិត​នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា​យ៉ាងតិច​ពីរ​ម៉ែត្រ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង និង​ការ​ចម្លង​មេរោគ​កូ​វី​ដ​១៩​។

រដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​ជា​ច្រើន ដើម្បី​កាត់​បន្ថយ​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ហាមឃាត់​ការ​ជួបជុំ​ជា​ទ្រង់ទ្រាយ​ធំ​ទាំងអស់​។ ទន្ទឹម​ជាមួយ​គ្នា​នោះ ក៏​បាន​ដាក់​កំហិត​ដល់​ការ​ធ្វើ​ដំណើរ​រវាង​ភ្នំពេញ និង​ខេត្ត​នានា​ដោយ​លើកលែង​ខេត្តកណ្តាល ការ​ធ្វើ​ដំណើរ​រវាង​ខេត្ត និង​ខេត្ត​។

រដ្ឋាភិបាល​មិន​ទាន់​ឈាន​ដល់​ដំណាក់​ការ​បិទ​ការ​រកស៊ី ឬ​ក៏​កន្លែងធ្វើការ ឬ​ក៏​ហាមឃាត់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ឬ​ក៏​ក្នុង​ខេត្ត​នានា​ឡើយ​។

ជាមួយនឹង​ស្ថានភាព​ធម្មតា​នេះ វា​នឹង​តម្រូវ​អោយ​ប្រជាជន​កម្ពុជា អនុវត្ត​អោយ​បាន​ល្អ បំផុត​រាល់​វិធានការ​នានា ដើម្បី​ការពារ​ខ្លួន​ពី​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទីក្រុង​ភ្នំពេញ គេ​នឹង​ឃើញ​ប្រជាជន​នៅ​តែ​ធ្វើ​ដំណើរ​រកស៊ី បំពេញ​ការងារ និង​ជួបជុំ​មិ​ត្តិ​ភក្តិ​ជា​ធម្មតា ទោះបីជា​មានការ​ធ្លាក់​ចុះ​ខ្លះ​ក្តី​។

ការ​ជួប​មុខ​គ្នា ការ​សន្ទនា​គ្នា ការ​ជួបជុំ​គ្នា​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​បង្កើន​ហានិភ័យ សម្រាប់​មនុស្ស​នៅ​ក្នុង​ការ​ឆ្លង និង​ចម្លង​មេរោគ​កូ​វី​ដ​១៩​។ នេះ​បើ​តាម​មជ្ឈមណ្ឌល គ្រប់គ្រង​ជំងឺឆ្លង​អា​មេ​រិ​ក​។

ដូច្នេះ​ហើយ​គម្លាត​សង្គម ឬ​ក៏​ការ​តម្រូវ​ឱ្យ​មនុស្ស​នៅ​ឃ្លាត​ពី​គ្នា​ប្រមាណ​ជា​ពីរ​ម៉ែត្រ​បាន​ក្លាយជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ការ​រាលដាល​មេរោគ​កូ​វី​ដ​១៩ នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​ក្នុង​ពិភពលោក​។

តាម​ការ​សង្កេត​ជាក់​ជាក់​សែ្ត​ង ការ​រក្សា​គម្លាត​ពីរ​ម៉ែត្រ​នេះ​ហាក់ដូច ជា​មិន​ទាន់​បាន ត្រូវ​អនុវត្ត​បាន​ល្អ​នៅឡើយ នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​។ គេ​នឹង​ឃើញ ច្បាស់ តាម​ហាង​កាហ្វេ ឬ​ក៏​ហាង​គុយទាវ​តូច​ៗ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ក្នុង​ក្រុងភ្នំពេញ​។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា ក៏​ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ ពីសារ​សំខាន់​នៃ​ការ​នៅ​ឃ្លាត​ពី​គ្នា​យ៉ាងតិច​ពីរ​ម៉ែត្រ ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។

ដូច្នេះ វា​ចាំបាច់​ណាស់​ដែល​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​ព្យាយាម ការ​រក្សា​គម្លាត​ពី​គ្នា​ពីរ​ម៉ែត្រ​នេះ ព្រោះ​វា​អាច​ទប់ស្កាត់​ការ​ឆ្លង​មេរោគ​ពី​ការ​ក្អក ឬ​កណ្តាស​ពី​មនុស្ស​ម្នាក់​ដែល​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​។ មេរោគ​នៅ​ក្នុង​តំណក់​ទឹកតូច​ៗ​ដែល​ក្អក​ចេញ​មក​នោះ អាច​ធ្វើ​ដំណើរ​បាន​ប្រមាណ​តែ​មួយ​ម៉ែត្រ​ប៉ុណ្ណោះ ពី​អ្នក​ក្អក ឬ​កណ្តាស​។ ដូច្នេះ គម្លាត​ពីរ​ម៉ែត្រ គឺ​នឹង​អាច​ចៀសវាង​ការ​ចម្លង​មេរោគ​ពី​ការ​ក្អក និង​កណ្តាស​នេះ​បាន​។

ស្រឡាញ់​ខ្លួន​អ្នក ស្រឡាញ់​មិត្តភក្តិ​អ្នក ស្រឡាញ់​សមាជិកគ្រួសារ​អ្នក សូម​យកចិត្ត​ទុក ដាក់​ដល់​ការ​រស់នៅ​ការ​បំពេញការងារ និង​កា​រស​ន្ទា​ចម្ងាយ​ពីរ​ម៉ែត្រ​ពី​គ្នា​៕