រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា ការប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មីធ្វើតាមផ្ទះធម្មតា តែការប្រមូលផ្តុំមនុស្សច្រើននៅទីសាធារណៈមិនអនុញ្ញាតនោះទេ ដើម្បីចៀសវាងកាឆ្លងជំងឺកូវូដ១៩។
សម្តេចតេជោបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមេសា យ៉ាងដូច្នេះថា ៖ «ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនឹងមកដល់នៅថ្ងៃទី ១៣-១៦ មេសា ស្អែកនេះ។ បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេស គឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើងកំពុងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភលោក។ ចំពោះមុខ គឺអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋសំខាន់ខ្លាំងបំផុត»។
សម្តេចបន្តថា ទន្ទឹមនឹងនេះ គឺមានវិធីចាំបាច់ងាយៗមួយចំនួនដែលពលរដ្ឋអាចធ្វើបាន ដើម្បីការពាររោគឆ្លងកូវីដ១៩ គឺត្រូវពាក់ម៉ាស ឬក្រមា, ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ទឹកអាល់កុល ឬជែលសម្លាប់មេរោគ និងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយទៅកន្លែងមួយក្នុងពេលដែលមានការរីករាលដាលឆ្លង ដែលយើងមើលមិនឃើញ ដែលអាចនាំមេរោគពីយើងទៅគេ ឬពីគេមកយើងទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់អាស្រ័យនៅជាដើម។
សម្តេចបានលើកឡើងទៀតថា ដោយសារជំងឺកូវីដ១៩ នេះ ងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយដែលនឹងសងជូនថ្ងៃឈប់សម្រាក (៥) ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិវិលត្រឡប់មកកាន់ស្ថានភាពធម្មតាគ្មានជំងឺកូវីដ១៩។
ជាមួយគ្នានោះដែរ សម្តេចក៏បានអរគុណមន្ត្រីរាជការ ក្រុមហ៊ុនឯកជន និងក្មួយៗកម្មករដែលចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដោយបន្តធ្វើការងារជាធម្មតានៅក្នុងកំឡុងពេលចូលឆ្នាំនេះ។
សម្តេចបានសូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២០៕