(ភ្នំពេញ)៖ នៅក្នុងឱកាសទទួលមហាសង្ក្រានឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា “យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមសម្តែងនូវមនោសញ្ចេតនារីករាយ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា សម្តេច សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ បញ្ញាញាណវាងវៃ និងអាយុយឺនយូរ ដើម្បីដឹកនាំស្ថាប័នព្រឹទ្ធសភា ទទួលបានជោគជ័យថ្មីៗថែមទៀត។
នៅក្នុងខ្លឹមសារលិខិតជូនពរបានបន្តថា “យើងខ្ញុំ សូមសម្តែងនូវការគោរព និងកោតសរសើរស្ញប់ស្ញែងចំពោះ សម្តេចវិបុលសេនាភក្តី ដែលបានពលិកម្ម ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី បំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការកសាងនីតិរដ្ឋនៅកម្ពុជា និងរួមចំណែកកសាងសន្តិភាព អធិបតេយ្យភាព ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។
នៅក្នុងខ្លឹមសារលិខិតជូនពរបានបន្តទៀតថា “យើងខ្ញុំសូមប្តេជ្ញាដើរតាមគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចវិបុលសេនាភក្តី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ”