សម្ភារបរិក្ខារវេជ្ជសាស្ដ្រមួយកុងតឺន័រ និងម៉ាសពេទ្យ១០ម៉ឺន អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល


(ភ្នំពេញ)៖ សម្ភារបរិក្ខារវេជ្ជសាស្ដ្រចំនួនមួយកុងតឺន័រ និងម៉ាសពេទ្យចំនួន១០ម៉ឺន អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ។

ពិធីប្រគល់-ទទួលនេះ បានរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រួមជាមួយឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងតំណាងរបស់ក្រុមហ៊ុន MJ Health Care Co.Ltd.។

សម្ភារខាងលើនេះ ជារបស់គម្រោង Project Commission on Urgent Relief and Equipment (C.U.R.E) ដែលបានផ្ដល់អំណោយ នូវសម្ភារបរិក្ខារវេជ្ជសាស្ដ្រចំនួនមួយកុងតឺន័រសុរបទឹកប្រាក់ប្រមាណ១លានដុល្លារអាមេរិក និងក្រុមហ៊ុន MJ Health Care Co.Ltd. បានផ្ដល់អំណោយម៉ាសចំនួន១០ម៉ឺនម៉ាស ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជូនក្រសួងសុខាភិបាល ប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់គម្រោង Project Commission on Urgent Relief and Equipment (C.U.R.E) និងក្រុមហ៊ុន MJ Health Care Co.Ltd. ដែលសបញ្ជាក់នូវវប្បធម៌នៃការចែករំលែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ ចំនួនអ្នកជាសះស្បើយកើនឡើងដល់៩៦នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹម២៦នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕