ថ្ងៃនេះក្រសួងប្រកាសដំណឹងល្អបន្តទៀត៖ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៩៨នាក់ ហើយពុំមានករណីអ្នកឆ្លងថ្មីទេ


(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះក្រសួងសុខាភិបាល បានចេញប្រកាសនូវដំណឹងដ៏សែនរីករាយដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៩៨នាក់ ហើយពិសេសបំផុតពុំមានករណីអ្នកឆ្លងជំងឺកូវីដថ្មីទេ។

ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

ករណីជាសះស្បើយមាន០២នាក់៖

* បុរសជនជាតិបារាំងអាយុ៨០ឆ្នាំ ជាភ្ញៀវទេសចរ ដែលសម្រាកព្យាបាល នៅសណ្ឋាគារក្រុងព្រះសីហនុ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បច្ចុប្បន្នបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

* បុរសជនជាតិបារាំងអាយុ៦១ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសបារាំង និងស្នាក់នៅបណ្ដោះអាសន្នម្ដុំទួលទំពូងរាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕