អ្នកជំនាញបេតិកភណ្ឌវប្បធម៌តំបន់ទន្លេមេគង្គចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា


អ្នកជំនាញបេតិកភណ្ឌវប្បធម៌ ដែលមកពីប្រទេសទាំង៥នៅតាមបណ្តោយទន្លេមេគង្គ គឺកម្ពុជា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ព្រមទាំងប្រទេសឥណ្ឌូនេស៊ី បានមកជួបជុំគ្នាជាមួយអ្នកជំនាញជប៉ុននៃសាកលវិទ្យាល័យសូហ្វីយ៉ា និងអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដើម្បីពិភាក្សាផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្ស មរតកបេតិកភណ្ឌតាមរយៈការរៀនសូត្រទ្រឹស្តី និងការចុះអនុវត្តនៅលើទីតាំងផ្ទាល់។
ក្នុងថ្ងៃចាប់ផ្តើមនៃសិក្ខាសាលានាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមសិក្ខាកាមដែលដឹកនាំដោយលោកសាស្ត្រាចារ្យ Yoshiaki Ishizawa ប្រធានមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ា បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលស្វាគមន៍គណៈប្រតិភូនិងសិក្ខាកាមទាំងអស់ដោយភាពស្និទ្ធស្នាល និងសម្តែងការគាំទ្រនូវសកម្មភាពរបស់សាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានរួមចំណែកក្នុងកិច្ចអភិរក្ស ជួសជុលប្រាង្គប្រាសាទក្នុងឧទ្យានអង្គរនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន។ ឯកឧត្តមក៏បានជម្រាបជូនសិក្ខាកាមអំពីតួនាទីអាជ្ញាធរជាតិអប្សរា ដែលផ្តោតសំខាន់លើការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងតំបន់អង្គរ។ ឯកឧត្តមសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹង បទពិសោធន៍ល្អៗបន្ថែមទៀតពីកម្ពុជា ដើម្បីយកទៅអនុវត្តឲ្យបានជោគជ័យនៅតាមបណ្តាប្រទេសរៀងៗខ្លួនប្រកបដោយជំនាញ។
ក្នុងឱកាសនេះដែរ អ្នកជំនាញបេតិកភណ្ឌមកពីប្រទេសមីយ៉ាន់ម៉ាលោក Aung Zaw Min បានសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានទទួលជោគជ័យលើការងារគ្រប់គ្រង និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះ លោកក៏បានស្នើសុំឯកសារពាក់ព័ន្ធមួយចំនួនក្នុងការរៀបចំតំបន់ការពារឧទ្យានអង្គរ ដើម្បីធ្វើជាគំរូសម្រាប់រៀបចំតំបន់រមណីយដ្ឋានបេតិកភណ្ឌមួយចំនួននៅប្រទេសរបស់លោក។ ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គនាយកបានឯកភាពប្រគល់ជូននូវឯកសារពាក់ព័ន្ធមួយចំនួន ក្នុងដំណើរការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា សិក្ខាសាលានេះរៀបចំនៅមជ្ឈមណ្ឌលអាស៊ីសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសាកលវិទ្យាសូហ្វីយ៉ាប្រចាំខេត្តសៀមរាប ចាប់ពីថ្ងៃទី៩ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រៅពីចែករំលែកបទពិសោធន៍លើការងារអភិរក្សជួសជុល និងគ្រប់គ្រងតំបន់បេតិកភណ្ឌ សិក្ខាកាមនឹងចុះធ្វើកម្មសិក្សានៅតាមបណ្តាប្រាង្គប្រាសាទនានាក្នុងតំបន់អង្គរ និងតំបន់ព្រះវិហារដើម្បីសិក្សាស្វែងយល់លើការអនុវត្តជាក់ស្តែង៕