ឯកឧត្តម អភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត និងយុវជននាំយកអំណោយ របស់រដ្ឋបាលខេត្តសៀមរាប និងសប្បុរសជនជូនដល់អាជ្ញាធរភូមិ ក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ


(សៀមរាប)៖ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាលខេត្ត បានដឹកនាំប្រតិភូខេត្ត អាជ្ញាធរស្រុក​ តំណាង​ ស​ ស​ យ​ ក​ និងអាជ្ញាធរឃុំ បាននាំយកអំណោយជូនដល់លោកមេភូមិ អនុភូមិ និងសមាជិកភូមិ ក្នុងភូមិទាំងអស់ក្នុងស្រុកក្រឡាញ់ និងស្រុកស្រីស្នំ។

ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តក៏បានសួរសុខទុក្ខ និងជំរុញចាត់វិធានការការពានឹងការឆ្លងរីករាលដាលជំងឺCOViD-19 ដើម្បីទប់ស្កាត់កុំអោយមានការឆ្លងពីភូមិមួយទៅភូមិមួយ ពី ខេត្តមួយទៅខេត្តមួយ។​ ដូច្នេះស្ថិតក្នុងដំណាក់កាលនៃសកលលោកកំពុងកើតមានជម្ងឺកូវីដ១៩នេះ សូមបងប្អូនទាំងអស់ត្រូវចេះអំពីវិធីការពារការឆ្លងជម្ងឺកូវីដ១៩ គឺត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុលលាងដៃ , ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្ដាស់ ដោយកន្សែង ក្រមា ក្រដាស ឬដោយកែងដៃ , ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ និងក្អក ឬផ្ដាសាយ , ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ , ត្រូវចម្អិនសាច់ឬស៊ុតឲ្យបានឆ្អិនល្អ និងចៀសវាងប៉ះពាល់ជាមួយសត្វព្រៃរស់ ឬកន្លែងចិញ្ចឹមសត្វដោយគ្មានពាក់សម្ភារការពារខ្លួន

អំណោយដែលបានផ្តល់ជូនក្នុងមួយភូមិទទួលបានអង្ករ ៤០គីឡូ មីចំនួន០១កេះធំ ម៉ាស់មួយប្រអប់ស្មើនឹង ៥០ ម៉ាស់ សាប៊ូលាងដៃ ១២ដុំ និងថវិកា ១០មុឺនរៀល។ សូមបញ្ជាក់ផងដែរថាអំណោយដែលបានផ្តល់ជូននោះ គឺជាអំណោយរបស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ៕