កម្ពុជាសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងអាមេរិកចូល រហូតដល់ស្ថានភាពកូវីដ១៩ ធូរស្បើយឡើងវិញ


(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ ក្នុងនោះមាន បារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកប្រទេសកម្ពុជាជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ធូរស្បើយឡើងវិញ។

លិខិតក្រសួងការបរទេសកម្ពុជា ចុះហត្ថលេខាដោយ លោក ស៊ា កុសល រដ្ឋលេខាធិការ ក្រសួងការបរទេស នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ផ្ញើជូនទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅប្រទេស ៦ខាងលើនេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានសម្រេចពន្យារសុពលភាព នៃវិធានការក្នុងការផ្អាកមិនឱ្យជនបរទេស ដែលមកពីប្រទេសបារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៉ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានា រួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៀត។

លិខិតក្រសួងការបរទេសបានបន្តថា៖ រាល់វិធានការរឹតបន្តឹងការធ្វើដំណើរទាំងអស់ខាងលើនេះ គឺមានលក្ខណៈជាបណ្តោះអាសន្ន និងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ១៩ មានការធូរស្រាល ក្រោយមានការវាយតម្លៃរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខាភាពពិភពលោក។

សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ កាលពីដើមខែមីនាកន្លងទៅ ក្រសួងការបរទេសកម្ពុជា បានជូនដំណឹងម្តងរួចទៅហើយដល់ ឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំនៅបរទេសទាំងអស់ ឲ្យផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស ដែលមកពីប្រទេសបារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ អ៉ីរ៉ង់ និងសហរដ្ឋអាមេរិក រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ តទៅ បន្ទាប់ពីប្រទេសទាំងនេះ មានការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែធ្ងន់ធ្ងរឡើង។

ក្រៅពីវិធានការនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រកាសសម្រេចផ្អាកការផ្តល់ទិដ្ឋាការរយៈពេល១ខែ ក្នុងនោះមាន ទិដ្ឋាការទេសចរ ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូនិច(e-Visa) និងទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) សម្រាប់ភ្ញៀវបរទេសទាំងអស់ដែលចង់មកប្រទេសកម្ពុជាផងដែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយការផ្អាកនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០តទៅ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

រហូតដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២ករណី ក្នុងនោះមាន៩៨នាក់ បានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ខណៈដែល២៤នាក់ទៀត កំពុងព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួន នៅក្នុងប្រទេសកម្ពុជា។ ទោះជាស្ថានភាពអ្នកជាសះស្បើយច្រើនយ៉ាងនេះក្តី ក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយមិនត្រូវធ្វេសប្រហែសចំពោះការការពារខ្លួនឡើយ៕