សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មកដល់ពេលនេះ មានសប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩មានទឹកប្រាក់ចំនួនជាង១៣លានដុល្លារអាម៉េរិកហើយ នោះមិនទាន់គិតពីជំនួយជាសម្ភារដែលមានតម្លៃរាប់លានដុល្លារថែមទៀតផង។
នៅលើផេកហ្វេសប៊ុកផ្លូវការ នាថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា គិតត្រឹមព្រឹកថ្ងៃ១៧ ខែមេសា ២០២០នេះ សប្បុរសជនដែលបានចូលរួមជាថវិកា សម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩ មានចំនួនទឹកប្រាក់ ចំនួន ១៣, ៥៩៧, ២៩៥ ដុល្លារអាម៉េរិក ដោយមិនទាន់គិតពីជំនួយជាសម្ភារ បរិក្ខារ ដូចជាម៉ាស់ អាល់កុល សាប៊ូ សម្ភារពេទ្យ។ល។ ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។ ដោយឡែកការរួមវិភាគទាន តាមរយៈការបរិច្ចាគបៀវត្សរ៍ទាំងស្រុង ឬមួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦ ខែមេសា ២០២០នេះមានចំនួន ១៤,៧៥១នាក់ និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។
សម្ដេចតេជោបានគូសបញ្ជាក់ថា នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើង ក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕