អភិបាលខេត្តកំពង់ចាមជំរុញឲ្យមន្ទីរពាក់ព័ន្ធអនុវត្តការដាក់ឲ្យនៅដាច់ដោយឡែក១៤ថ្ងៃ ចំពោះកម្មករដែលឈប់ពេលចូលឆ្នាំសរុបជាង៤ពាន់នាក់


(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ-១៩ ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិក្សាការងារ ជាមួយប្រធានមន្ទីរសុខាភិបាលខេត្ត និង មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នៅសាលាខេត្តកំពង់ចាម ពាក់ពន្ធ័នឹងការងារដាក់ឲ្យស្នាក់នៅដោយឡែករយៈពេល១៤ថ្ងៃ ចំពោះកម្មករកម្មការិនី ដែលបានឈប់ពីការងារក្នុងកំលុងថ្ងៃចូលឆ្នាំ (ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២០។

លោក ចេង ហ៊ាង ប្រធានមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើរបាយការណ៍ជូនអង្គប្រជុំថា  ដើម្បីអនុវត្តការដាក់ឲ្យនៅដោយឡែក ១៤ថ្ងៃ ចំពោះកម្មករកម្មការិនី ដែលបានឈប់ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ សរុបទូទាំងខេត្តកំពង់ចាមមាន ៤,១៦៥នាក់ ទាំងអ្នកមានច្បាប់ និងអ្នកគ្មានច្បាប់អនុញ្ញាតិ ក្នុងនោះអ្នកមានច្បាប់អនុញ្ញាតិមាន៤៤% ស្មើនឹង ១,៨៣២នាក់ និងអ្នកដែលគ្មានច្បាប់អនុញ្ញាតិ មាន៥៦% ស្មើនឹង២,៣៣៣នាក់។

បើតាមគោលការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់ថា ចំពោះអ្នកមានច្បាប់ឈប់សម្រាក ត្រូវទទួលប្រាក់ឈ្នួលពីរោងចក្រ សហគ្រាស ៥០%នៃប្រាក់ឈ្នួល និងត្រូវដាក់ឲ្យនៅដាច់ដោយឡែកតាមផ្ទះផ្ទាល់ខ្លួន ឬ តាមផ្ទះជួល រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា តាមលិខិត លេខ០៦៦សខល. ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ជម្រាបជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីសំណើសុំចាត់វិធានការចត្តាឡីសក័ រយៈពេល១៤ថ្ងៃ លើកម្មករកម្មការិនី ដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនោញ  ឯកឧត្តម សុំឲ្យខាង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំគោលការណ៍ទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរកគ្រូពេទ្យការងារមកប្រចាំការជួយតាមដាន និងពិនិត្យសុខភាព របស់ កម្មករកម្មការិនី ដែលត្រូវដាក់ឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ក្នុងទឹកដីខេត្តកំពង់ចាម ដោយសហការជាមួយមន្ទីរសុខាភិបាលខេត្ត។ ជាមួយគ្នានោះ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើបញ្ជីឈ្មោះ កម្មករកម្មការិនី ដោយញែកឲ្យដាច់ពីគ្នា រវាង អ្នកស្នាក់នៅតាមផ្ទះជួល និង អ្នកនៅតាមផ្ទះផ្ទាល់ខ្លួន ដើម្បីតាមដានសុខភាពរបស់ពួកគាត់រយៈពេល១៤ថ្ងៃ ឲ្យមានប្រសិទ្ធិភាព ជៀសវាងការឆ្លងរីករាលដាលនៃមេរោគ កូវិដ-១៩ ដ៏កាចសាហាវនេះ។

លោក គឹម ស៊ួភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត បានលើកឡើងថា យោងតាមលិខិតលខខៈ០៦៦សខល. របស់ក្រសួងសុខាភិបាល ប្រសិនបើនៅតាមរោងចក្រ សហគ្រាស មានរៀបចំកន្លែងរួមមួយដើម្បីឲ្យកម្មករ កម្មការនី ដែលបានវិលត្រឡប់ពីការឈប់ពេលចូលឆ្នាំកន្លងមក ទុកសម្រាប់ការស្នាក់នៅរួមគ្នារយៈពេល១៤ថ្ងៃនោះ ទើបគ្រប់គ្រងបាន តែបើឲ្យនៅតាមផ្ទះវិញនោះ គឺអាចមានការលំបាកនៅតាមមូលដ្ឋាន។ ម្យ៉ាងទៀត យើងក៏អាចឲ្យពួកគាត់ធ្វើការស្នាក់នៅតាមផ្ទះរយៈពេល១៤ថ្ងៃក៏បាន ដោយការចំណាយ គឺជាបន្ទុករបស់សាមីខ្លួន។

ជាទីបញ្ចប់ អភិបាលខេត្តកំពង់ចាម បានបូកសរុបដោយសង្ខេបថា ចំពោះបញ្ហាចំណាយ គឺមានបន្ទុកធំ បើច្បាប់តម្រូវឲ្យរោងចក្រត្រូវមានការឧបត្ថម្ភ ៥០%នៃប្រាក់ឈ្នួល ជូនកម្មករកម្មការិនី ដែលឈប់មានច្បាប់ សុំខាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើការតាមដានត្រួតពិនិត្យឲ្យបានត្រឹមត្រូវ។ ចំពោះអ្នកស្នាក់នៅតាមផ្ទះ ឬ ផ្ទះជួលរយៈពេល១៤ថ្ងៃនោះ គឺខាងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវមានពេទ្យការងារប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ក្នុងការតាមដានសុខភាព ដោយខេត្តត្រូវបង្កើត ក្រុមទទួលបន្ទុក ប្រចាំការ និងមានប្រពន្ធ័ទូរស័ព្ទសម្រាប់ទំនាក់ទំនង ២៤ម៉ោងលើ២៤ម៉ោង។ក្នុងករណី បើមានបញ្ហាសុខភាពធ្ងន់ធ្ងរ សង្សយ័ការឆ្លងជំងឺ ត្រូវរាយការណ៍ជាបន្ទាន់ សុំកិច្ចសហការជាមួយ មន្ទីរសុខាភិបាលខេត្ត ដើម្បីបន្តការងារ ។ ចំពោះផែនការដែលខេត្តបានធ្វើការណែនាំដាក់ចេញខាងលើនេះ ត្រូវយកទៅអនុវត្តភ្លាមៗ សូមកុំទុករង់ចាំ គឺត្រូវអនុវត្តជាបណ្តើរៗ ហើយដោះស្រាយបញ្ហាជាបណ្តើរៗទៅតាមការជាក់ស្តែង។ រីឯការអនុវត្តលើការដាក់ឲ្យមានការស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ហើយបានបញ្ចប់វិញនោះ គឺត្រូវអនុវត្តឲ្យស្របតាមបទបញ្ជាផ្ទៃក្នុងរបស់រោងចក្រ សហគ្រាស និងស្របតាមលិខិតបទដ្ឋានច្បាប់ជាធរមាន៕