ដើម្បីបង្ការការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រាល់ការជួបជុំទ្រង់ទ្រាយធំៗគ្រប់សាសនាទាំងអស់នៅកម្ពុជា គឺមិនមាននោះទេ ដោយយើងមិនទាន់បើកចំហរឱ្យមានការជួបជុំឱ្យបានទូលំទូលាយនោះទេ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងធម្មការ និងសាសនា ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី។
ឯកឧត្តម សេង សុមុនី បានលើកឡើងថា បច្ចុប្បន្ននេះការប្រតិបត្តិសាសនារបស់ពុទ្ធសាសនិក ក៏ដូចជាអ្នកកាន់សាសនាដទៃទៀត គឺមានការអនុវត្តដូចគ្នា ដោយមានការប្រតិបត្តិតាមជំនឿសាសនារៀងៗខ្លួន។ ឯកឧត្ដមបានបន្ដថា ក្នុងនោះសម្រាប់ព្រះពុទ្ធសាសនា គឺមានការជួបជុំក្នុងលក្ខណៈតូចតែប៉ុណ្ណោះ ដោយអនុញ្ញាតឱ្យព្រះសង្ឃមួយអង្គ ឬពីរអង្គ ចាំទទួលពុទ្ធបរិស័ទប្រគេនចង្ហាន់ តាមទម្លាប់ដែលបានអនុវត្តន៍កន្លងទៅ។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា យើងមិនទាន់បើកទូលំទូលាយឱ្យមានការជួបជុំចំហរណាមួយនៅឡើយទេ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសឱ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទទាំងអស់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ការប្រកាសឱ្យបិទការជួបជុំបែបសាសនាគ្រប់ប្រភេទនៅទូទាំងប្រទេសនេះ រួមមាន សាសនាព្រះពុទ្ធ សាសនាឥស្លាម សាសនាគ្រិស្ត និងសាសនាផ្សេងៗទៀត ដែលចាប់អនុវត្តន៍ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ស្ថានភាពជំងឺកូវីដ-១៩ មានភាពធូរស្រាល ៕