(ភ្នំពេញ)៖ ធនាគារឯកជន នៅពេលនេះ បានចាប់ផ្តើមអនុវត្តគោលនយោបាយ ជួយសម្រាលបន្ទុកដល់កូនបំណុល ដោយអនុញ្ញាតឲ្យបង់តែការប្រាក់ ក្នុងរយៈពេល ៦ខែ ដោយសារតែកូវីដ១៩។ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បុគ្គលិកធនាគារ កម្ពុជាសាធារណៈ បានទូរស័ព្ទទៅកាន់កូនបំណុលរបស់ធនាគារ ដើម្បីសួរបញ្ជាក់ថាតើក្នុងពេលជំងឺកូវីដ១៩ រាតត្បាតនេះ កូនបំណុល មានផលប៉ះពាល់ឬទេ? បើសិនជាកូនបំណុលប៉ះពាល់ ធនាគាររៀបចំ សំណើរឲ្យអតិថិជនរបស់ខ្លួន ដែលត្រូវបង់រំលោះ អាចបង់តែការប្រាក់ ក្នុងរយៈពេល ៦ខែ គិតចាប់ពីខែមេសានេះតទៅ។
គោលនយោបាយរបស់ធនាគារឯកជន ដែលជួយសម្រួលដល់ប្រជាពលរដ្ឋ ជាអ្នកខ្ចីលុយទិញដីផ្ទះ ឬប្រើប្រាស់ក្នុងកិច្ចការផ្សេងៗនេះ បានធ្វើឡើង ស្របតាមការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសម្តេចបានអំពាវនាវដល់ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ឲ្យជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់ ដោយសារតែពេលនេះ កម្ពុជាយើង ជួបប្រទះនូវការរាតត្បាតជំងឺឆ្លងកូវីដ១៩៕