ឯកឧត្តម អ៊ុន ចាន់ដា យកអំណោយសង្គ្រោះបន្ទាន់ ចែក​ជូន​ពលរដ្ឋ០៥គ្រួសារនៅស្រុកស្ទឹងត្រង់


ខេត្តកំពង់ចាម​៖ ប្រជាពលរដ្ឋ ចំនួន​០៥​គ្រួសារ​នៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ដែលបានមានការព្រួយបារម្ភបាក់ស្រុតដី បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ កាល​ពី​ថ្ងៃ​ទី​១៣​ ខែមេសា បានទទួលអំណោយសង្គ្រោះបន្ទាន់ ពីឯកឧត្តម ​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថាការប្រេះដីខាងក្រោយផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និងជិតមាត់ច្រាំងទន្លេនេះ​ គឺមិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់ផ្ទះប្រជាពលរដ្ឋទេ។ដោយ​ការប្រេះដីនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មួយមេធំ បានធ្វើឲ្យស្រទាប់ដីផ្នែកខាងក្រោម នៃតំបន់នោះរងការហួតហែងយូរខែហើយបានប្រទះទឹកភ្លៀង ច្រើនដល់ថ្នាក់ដក់ទឹក និងប្រេះបែបនេះ។​

ឯកឧត្តមអភិបាលខេត្ត​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ កុំ​ឲ្យ​មានការភ័យខ្លាច គឺមិនមែនជាការប្រេះស្រាំ ដោយសារការបាក់ស្រុតច្រាំងទន្លេ ដូចលើកមុនទៀតទេ ដោយ​មន្ត្រីជំនាញធនធានទឹក បានធ្វើការពិនិត្យពិច័យ ច្រាំងទន្លេតំបន់នោះបានត្រឹមត្រូវហើយ។ ម្យ៉ាងទៀតមុនធ្វើ ការរុះរើផ្ទះសម្បែង សូមបងប្អូនធ្វើការពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន ចៀសវាងការរុះរើទៅ នាំឲ្យបងប្អូនខាតបង់ថវិកា និងពេលវេលា​ដូច​នៅ​ពេល​នេះផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​បាន​ផ្តល់​ជូន​បងប្អូនប្រជាពលរដ្ឋ​ នា​ឱកាស​នោះ​ ក្នុង​០១គ្រួសារ​ ទទួល​បាន​ថវិកា៥០ម៉ឺន​រៀល​ អង្ករ​៥០គីឡូក្រាម​ មី​០២កេះ​ ត្រីខ​០២​យួរ​ ​ទឹក​ស៊ីអ៊ីវ០​២យួរ​ និង​តង់០​១​។