អភិបាលខណ្ឌចំការមន ចុះណែនាំប្រជាពលដ្ឋដែលរស់នៅតាមប្រឡាយបឹងត្របែក ត្រូវចេះធ្វើអនាម័យ ដើម្បីការពារមេរោគកូវីដ-១៩


ភ្នំពេញ ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន រួមដំណើរដោយលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ ព្រមទាំងលោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ផ្សារដើមថ្កូវ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ បានចុះចែកអំណោយសប្បុរសធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រតាមផ្ទះ ចំនួន២០គ្រួសារ ដែលរស់នៅតាមមាត់ប្រឡាយបឹងត្របែក ស្ថិតនៅភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
 
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានធ្វើការណែនាំវិធានការមួយចំនួន ដើមី្បជាមូលដ្ឋានក្នុងការបង្កា ការពារ និងទប់ស្កាត់នូវជំងឺឆ្លង COVID-19 ព្រមទាំងផ្តាំផ្ញើ ឲ្យចេះធ្វើអនាម័យឲ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារ ព្រមទាំងកាត់បន្ថយ នូវការជួបជុំប្រមូលផ្តុំគ្នា សំខាន់នៅពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។
 
តាមផ្ទះនីមួយៗ លោក ថេង សុថុល បានណែនាំដល់ប្រជាពលរដ្ឋ បើមិនមានការចាំបាច់ទេ គួរគប្បីកុំធ្វើដំណើរចេញពីផ្ទះ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយតាមមេក្រូ នៅក្នុងភូមិសង្កាត់នាសព្វថ្ងៃនេះ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដែលឲ្យយើងចេះ ថែទាំ សុខភាពឲ្យបានល្អ ដើម្បីទប់ស្កាត់ការឆ្លងមេរោគ COVID-19 គឺត្រូវរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
 
លោកអភិបាលខណ្ឌចំការមន បានបន្ថែមទៀតថា ដើម្បីចូលរួមបង្ការទប់ស្កាត់ នូវវីរុស COVID-19 នេះសូមឲ្យប្រជាពលរដ្ឋជឿជាក់ ដោយទុកចិត្តមកលើ ការដឹកនាំ និងធ្វើទៅតាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ពីវិធានការក្នុងការការពារ នៃការឆ្លងមេរោគកូវីដ-១៩នេះ។
 
ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្រកាន់ខ្ជាប់នូវអនាម័យខ្ពស់ គឺការហូបស្អាត ផឹកស្អាត រស់នៅស្អាត កន្លែងធ្វើការងារស្អាត ដើម្បីជៀសផុតនូវការឆ្លង និងការរីករាលដាល នៃវីរុស COVID-19 នេះ។
លោក សុន សុធី នាយករដ្ឋបាល បានឲ្យដឹងថា អំណោយដែលគណៈអភិបាលខណ្ឌ នាំយកមកផ្តល់ជូននាពេលនេះ ក្នុងមួយគ្រួសារទទួលបានអង្គរ២៥គីឡូក្រាម, ទឹកត្រី១ដប, ទឹកស៉ីអ៉ីវ៣ដប, ត្រីខ៣កំប៉ុង និងស្ករស២គីឡូក្រាម៕