ឯកឧត្តម ថង សាវុន​ អភិបាលខេត្តរតនគិរី ចុះសាកសួរសុខទុក្ខ បងប្អូនកម្មករ កម្មការិនីនៅកសិដ្ឋានសុីង ហឺអុី ដាំចេកអំបូងលឿងនៅអណ្តូងមាស


(រតនគីរី)៖ ដើម្បីលើកទឹកចិត្ត ខណៈដែលបងប្អូន កម្មករ កម្មការិនី កំពុងបំរើការងារ ជាធម្មតា គោរពបាន តាមបទបញ្ជា របស់រាជរដ្ឋាភិបាល ចាប់តាំង ពីបទបញ្ជាចូលជាធរមានមកម៉្លេះ ក្នុងការចូលរួម ទប់ស្កាត់ ជំងឺកូវីដ-១៩​ អភិបាលខេត្តរតនគិរី ឯកឧត្តម ថង​ សាវុន អមដំណើរដោយប្រធានអនុប្រធានមន្ទីរពាក់ព័ន្ធមួយចំនួននៅព្រឹកថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២០ បានចុះពិនិត្យ និងចុះសាកសួរសុខទុក្ខ បងប្អូន កម្មករ កម្មការិនី នៅកសិដ្ឋាមសិុង ហឺអុីដែលកំពុងដាំចេកអំបូងលឿង ដែលមានទីតាំង ស្ថិតនៅឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។​

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការ រីករាយយ៉ាងខ្លាំង ដោយពិនិត្យឃើញ បងប្អូនកម្មករ កម្មការិនី ក្នុងក្រុមហ៊ុនហ៊ងអាញ់ ខិតខំបំរើការងារ យ៉ាងសកម្ម និងបានទទួលអត្ថប្រយោជន៍សមរម្យមកវិញ ពីនិយោជក ជាម្ចាស់កសិដ្ឋាន។

ពាក់ពន្ធ័ និងវិធានការ ប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ-១៩ ឯកឧត្តម ថង សាវុន បានសំណូមពរ អោយម្ចាស់កសិដ្ឋានត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ គោរពអោយបានម៉ឺងម៉ាត់ តាមវិធីបង្ការណែនាំ និងវិធីសាស្ត្រ ការពាររបស់ក្រសួងសុខាភិបាល ដើម្បីសុខភាពបងប្អូនកម្មករ កម្មការិនីផង និងការពារផល ប្រយោជន៍និរន្តរភាព នៅក្នុងកសិដ្ឋានផងដែរ។

ឯកឧត្ដមអភិបាលខេត្ត បានស្នើឱ្យមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយម្ចាស់ក្រុមហ៊ុនរោងចក្រសហគ្រាសនិងកសិដ្ឋាននានានៅក្នុងខេត្តរតនគិរី ទាំងអស់ត្រូវអនុវត្ត ចំពោះកម្មករ កម្មការិនី ដែលមិនគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវចាត់វិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ជាចាំបាច់លើកម្មករ កម្មការិនី ដែលនឹងវិលត្រឡប់ចូលបម្រើការងារវិញ បន្ទាប់ពីសម្រុកចេញទៅស្រុកកំណើតកន្លងមក ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដោយឱ្យនៅកន្លែងស្នាក់នៅរបស់ខ្លួន ព្រមទាំងតាមដានក្នុងការអនុវត្តវិធានការ ចត្តាឡីស័ក និងត្រួតពិនិត្យតាមដានសុខភាព ពីក្រុមគ្រូពេទ្យជំនាញ។

គួរបញ្ជាក់ថា​៖​កសិដ្ឋាន សុីង ហឺអុី បានធ្វើការវិនិយោគដាំចេកអំបូងលឿងលើផ្ទៃដីប្រមាណ២៥០ហិកតាបច្ចុប្បន្នក្រុមហ៊ុននេះមានកម្មករ កម្មការិនីកំពុងបំរើការងារសរុបប្រមាណជាង១៣០នាក់ហើយក្នុង១ថ្ងៃកសិដ្ឋានបានផលិតចេកបាន១.៥០០កេសសម្រាប់នាំចេញទៅលក់នៅប្រទេសចិន។​ ក្រៅពីចូលបំរើការងារធម្មតា ម្ចាស់កសិដ្ឋានបានរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក​ និងមានក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ការអនុវត្ត អនាម័យក្នុងការលាងសំអាតដៃ ជាប្រចាំ ដោយធ្វើការវាស់កម្តៅ ២ដងក្នុង១ថ្ងៃ ដោយអនុវត្ត តាមវិធីបង្ការណែនាំ និងវិធីសាស្ត្រការពារ របស់ក្រសួងសុខាភិបាល៕