គណបក្សប្រជាជនកម្ពុជា បញ្ចប់ការជ្រើសរើសបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់


ការរៀបចំរើសបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៤ របស់គណបក្សប្រជាជនកម្ពុជា បានបញ្ចប់ហើយ។ គណបក្សកំពុងឱ្យបេក្ខជនរបស់ខ្លួនទាំងអស់បំពេញបែបបទ ដាក់ជូនគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប) នៅដើមខែមីនា ខាងមុខនេះ។

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា បានជ្រើសរើសបេក្ខជនពេញសិទ្ធិ និងបម្រុងគ្រប់អស់ហើយ ហើយគណបក្សនឹងបញ្ជូនឈ្មោះទៅឱ្យគ.ជ.បនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។ ឯកឧត្តមបានបញ្ជាក់ថា «ឥឡូវនេះ យើងរើសតាមរយៈសន្និបាតតាមឃុំ-សង្កាត់ ទូទាំងប្រទេស បានចប់សព្វគ្រប់អស់ហើយ ឥឡូវនេះកំពុងឱ្យបំពេញបែបបទ ធ្វើលិខិតថ្កោលទោស ឬធ្វើបែបបទអ្វីផ្សេងៗទៀត តាមតម្រូវការគ.ជ.ប ដើម្បីយកទៅដាក់ឱ្យទាន់ថ្ងៃ៣ ខែមីនា»

គ.ជ.ប បានទុកពេល២ខែ ដើម្បីឱ្យគណបក្សទាំងអស់រៀបចំបញ្ជីបេក្ខជនឈ្មោះរៀងៗខ្លួន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយបញ្ជូនឈ្មោះជូនគ.ជ.ប ឱ្យទាន់ពេលវេលា ចាប់ពីថ្ងៃទី​០៣ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីឱ្យស្ថាប័ននេះត្រួតពិនិត្យ។