ឯកឧត្តម លឹម គានហោ ដឹកនាំក្រុមការងារចុះពិនិត្យស្រាវជ្រាវដើម្បីទាញទឹកពីស្ទឺងក្រាំងពន្លៃ មកកាន់ឃុំវិហារលួង


ដោយពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំមួយចំនួននៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមានព្រំប្រទល់ជាប់ជាមួយនឹងស្រុកពញាឮ ខេត្តកណ្តាល មានការប្រឈមជាមួយនឹងការខ្វះខាតទឹក ទាំងទឹកប្រើប្រាស់ ក៏ដូចជាទឹកបង្កបង្កើនផល ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម បានចាត់តាំង លោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស ឱ្យចុះទៅកាន់តំបន់នោះ ដើម្បីសិក្សា ស្រាវជ្រាវរកប្រភពទឹក និងធ្វើការទាញទឹកយកមកបំរើនៅក្នុងភូមិសាស្ត្រខាងលើ ។ បន្ទាប់ពីបានទទួលបទបញ្ជានេះ លោក ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារចុះពិនិត្យ ហើយជាលទ្ធផលនៃការចុះពិនិត្យស្រាវជ្រាវ ក្រុមការងារនឹងធ្វើការចុះសិក្សាជាបន្ទាន់ ដើម្បីទាញទឹកពីស្ទឺងក្រាំងពន្លៃ មកកាន់ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។ គម្រោងផែនការទាញទឹកខាងលើនេះ មិនត្រឹមតែបំរើឱ្យការខ្វះខាតទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងឃុំវិហារលួងតែមួយប៉ុណ្ណោះទេ ប៉ុន្តែការអនុវត្តគម្រោងនេះ ក៏នឹងផ្តល់ផលប្រយោជន៍ផងដែរដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងផ្នែកខ្លះនៃស្រុកឧដុង្គ និងឃុំមួយចំនួនទៀតដែលមានព្រំប្រទល់ជាប់នឹងឃុំវិហារលួង ស្រុកពញឮ ខេត្តកណ្តាល ៕