ក្រុមនិស្សិតពិការក្នុងខេត្តព្រៃវែង រំភើបរីករាយខាំ្លងចំពោះសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីបានជួបសំណេះ សំណាល


នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ក្រុមនិស្សិតពិការកំពុងខិតខំតស៊ូជម្នះឧបសគ្គជីវិត ដើម្បីស្រវ៉ាវិជ្ជានៅក្នុងខេត្តព្រៃវែង បានត្រេកអរ និងរំភើប​រីករាយខ្លាំង បន្ទាប់ពីបានជួបសំណេះ សំណាលដោយផ្ទាល់​ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេស​បន្ទាប់ពី​ទទួលបាន​ការជួយឧបត្ថម្ភថវិកា​រថយន្ត និងកុំព្យូទ័រ​ជាច្រើនគ្រឿង សម្រាប់ជួយ​ដល់ការសិក្សា និងធ្វើសកម្មភាព​កូនប្រជាពលរដ្ឋនៅតាមភូមិ។

ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរចុះសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ​ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់​អាវុធ​ហើយ​នោះ នៅវេលាម៉ោង ១២ថ្ងៃត្រង់ បានបន្តដំណើរចុះសំណេះសំណាល ជាមួយនិស្សិតពិការ​នៅអង្គការសហព័ន្ធនារី​ពិការស្ថិតក្នុង​សង្កាត់​កំពង់លាវ ក្រុង-ខេត្តព្រៃវែង។ ក្រោមម្លប់ដើម​ក្រខុមក្នុងបរិវេណ​ទីស្នាក់ការអង្គការ​របស់ជនពិការ សម្តេច​តេជោ ហ៊ុន សែន ដែលហ៊ុមព័ទ្ធ​ជុំវិញដោយ​និស្សិតពិការ បានជជីក​សួរ​ដេញដោលយ៉ាង​ច្រើន​ពីស្ថានភាពរស់នៅ និងបញ្ហា​ដែលពួកគេកំពុងជួបប្រទះ។

កញ្ញា យ៉ែម ចាន់រី ប្រធានអង្គការសហព័ន្ធនារីពិការ និងជានិស្សិតអាហារូបករណ៍ សម្តេចតេជោ​នៅសាកលវិទ្យាល័យ​ជាស៊ីមកម្ចាយមារ បានរៀបរាប់ថា អង្គការសហព័ន្ធនារីពិការ បានបង្កើតឡើងក្នុងឆ្នាំ២០០៨ ដើម្បីជួយសកម្មភាព​និស្សិតពិការ។ បច្ចុប្បន្នអង្គការនេះ​មានសមាជិក​សរុប​ប្រមាណ១៥២នាក់។

កញ្ញា ចាន់រី បានបញ្ជាក់ថា ពេលបង្កើតឡើង​ដំបូងអង្គការ​មានការលំបាកខ្លាំង ព្រោះមិនមាន​ការជួយឧបត្ថម្ភពី​សប្បុរសជន​នោះទេ ហើយក្រុមជន​ពិការ​បានរៃអង្ករគ្នា​ម្នាក់បន្តិចៗ​ ហើយអ្នកខ្លះ​មាន​មីយក​​មកផ្គត់ផ្គង់​ក្នុងអង្គការ។ ជាហេតុធ្វើឲ្យ​ការបរិភោគ​របស់ពួកគេមានការខ្វះខាតច្រើន។

លុះក្រោយ​មកសមាជិកក្នុងអង្គការ ក៏បាននាំគ្នាហិមមូលនិធិដាក់នៅតាមទីសាធារណៈ សណ្ឋាគារ និងភោជនីយដ្ឋាន​ជាដើម​សម្រាប់ទ្រទ្រ​ង់ការរស់នៅ​ប្រចាំថ្ងៃ​របស់ពួកគេ។ នេះបើតាម​ការបញ្ជាក់​បន្ថែមរបស់កញ្ញា យ៉ែម ចាន់រី។

បន្ទាប់បានស្តាប់ការរៀបរាប់នូវទុក្ខលំបាក ការខ្វះខាត និងបញ្ហាប្រឈមរបស់អង្គការសហព័ន្ធនារីពិការហើយនោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជួយឧត្ថម្ភថវិកា ១០លានរៀល សម្រាប់អង្គការចំណាយលើការទិញម្ហូបអាហារ។ បន្ថែមពីនោះសម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភប្រចាំខែដល់អង្គការក្នុងមួយខែប្រមាណ ៦.៥លានរៀល​ក្នុងមួយខែ ហើយ៣ខែបើកម្តង។

បន្ថែមពីលើការទទួលបានថវិកាសម្រាប់ការចាយវាយប្រចាំខែនៅក្នុងអង្គការហើយនោះ ក្រុមនិស្សិតពិការ ក៏បានស្នើសុំ​កុំព្យូទ័រ ម៉ាស៊ីនព្រីនធ័រ សម្រាប់ពួកគេរៀនសូត្រ និងធ្វើសកម្មភាពបង្រៀនកូនចៅប្រជាពលរដ្ឋនៅតាមភូមិ ហើយពួកគេ​ក៏បានសូម​មធ្យោបាយ​សម្រាប់ ធ្វើដំណើរ​ទៅបង្រៀនកូនចៅ​ប្រជាពលរដ្ឋ​ផ​ងដែរ។

ប្រមុខដឹកនាំ​​រាជរដ្ឋាភិបាលកម្ពុជា ដែលរងពិការភ្នែកលើសមរភូមិពេលជាតិធ្លាក់ក្នុងភ្លើងសង្រ្គាម ហាក់មិន​បានរុញរា​នោះឡើយចំពោះសំណើរ របស់និស្សិតពិការ។ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់កុំព្យូទ័រយួរដៃ និងកុំព្យូទ័រ​ដាក់លើតុ​សម្រាប់រៀន និងបង្រៀនសរុប ៤១គ្រឿង ម៉ាស៊ីនព្រីនធ័រ ១១គ្រឿង ម៉ាស៊ីនហ្វតូកុំពីពីរគ្រឿង។ ឆ្លើយតបការ​លំបាកក្នុងធ្វើដំណើរពេលចុះបង្រៀនកូនប្រជាពលរដ្ឋនៅតាមភូមិនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេច​ឧបត្ថម្ភថវិកា​ទិញ​រថយន្ត ១២កៅអីមួយ​គ្រឿងថែមទៀត ជូនដល់​និស្សិតពិការ​ទាំងអស់នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាជូននិស្សិតពិការ ដែលកំពុងសិក្សាថ្នាក់អាហារូបករណ៍របស់សម្តេច ១៥២នាក់ ក្នុងម្នាក់ ១០០ដុល្លារ ហើយថែមទាំងឧបត្ថម្ភថវិកា ៣ពាន់ដុល្លារសម្រាប់ពួកគេធ្វើពិធីជប់លៀង ស្រស់ស្រូប​អាហារឲ្យ​បានឆ្ងាញ់មាត់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ថវិកា ដែលសម្តេចឧបត្ថម្ភដល់អង្គការនេះ ជាថវិកាផ្ទាល់របស់សម្តេច មិនមែន​យកថវិកាជាតិ​មកចំណាយ​ក្រៅផ្លូវការ​បែបនេះឡើយ។

ក្រុមជនពិការ ដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ បានទះដៃស្រែក​ហ៊ោកញ្ច្រៀវ​បង្ហាញការ​សប្បាយរីករាយ​យ៉ាងខ្លាំង នៅពេលទទួលបានការជួយឧបត្ថម្ភពីសម្តេចតេជោ។ កញ្ញា យ៉ែម ចាន់រី បានថ្លែងថា កញ្ញារំភើបរីករាយ​រកអ្វីមកប្រៀបផ្ទឹម​បាននោះឡើយ។

កញ្ញា បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមួយរូប ដែលបានយកចិត្តទុកដាក់​ខ្ពស់ទៅលើ​សុខទុក្ខរបស់​ប្រជាពលរដ្ឋទូទៅ ក៏ដូចជាក្រុមជនពិការ។ កញ្ញា ចាន់រី បញ្ជាក់ថា កញ្ញានឹងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ​ជារៀងរហូត។

កញ្ញា ស៊ាន យិត និស្សិតឆ្នាំទី៣ផ្នែកគណនេយ្យ ក៏បានរំភើបរីករាយផងដែរ ចំពោះទឹកចិត្តសណ្តោសប្រណៃ​របស់សម្តេច​នាយករដ្ឋមន្រ្តី។ កញ្ញា ស៊ាន យិត ក៏មិនខុសពីកញ្ញា ចាន់រី ដែរ បានបង្ហាញការ​ពេញចិត្តខ្លាំង​ចំពោះ​សម្តេចតេជោ ហ៊ុន សែន និងប្រកាសថា​នឹងគាំទ្រ​សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ​ជារៀងរហូត៕