ក្រសួងមហាផ្ទៃ ទទួលម៉ាស៊ីនបាញ់សម្លាប់មេរោគ និងសម្ភារការពារវីរុស COVID-19 ពីក្រុមហ៊ុនចិន


(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានទទួលម៉ាស៊ីន សម្ភារ និងថ្នាំសម្លាប់មេរោគ ពីក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» (ZHENGHAINA INDUSTRY Co.,ltd) ដែលជាក្រុមហ៊ុនវិនិយោគ លើវិស័យអនាម័យ និងបរិស្ថាន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងវីរុស COVID-19។

ពិធីប្រគល់ និងទទួលម៉ាស៊ីន សម្ភារ និងថ្នាំសម្លាប់មេរោគ បានធ្វើឡើងក្រោមវត្តមានរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក Gu Chun Yao ប្រធានក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» នៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ។

អំណោយដែលក្រុមហ៊ុនចិន បានប្រគល់ជូនដល់ក្រសួងបរិស្ថាននាថ្ងៃនេះរួមមាន៖ ម៉ាស៊ីនបាញ់សម្លាប់មេរោគ ចំនួន ០៥គ្រឿង, ទឹកថ្នាំសម្លាប់មេរោគ ចំនួន ០៣តោន និងសាប៊ូ សម្លាប់មេរោគ ចំនួន ៥,០០០ដុំ។

សកម្មភាពទាំងនេះ ពិតជាសរបញ្ជាក់ឱ្យឃើញ ពីកាយវិការប្រកបដោយសប្បុរស និងជាការរួមចំណែកមិនអាចខ្វះបានពីផ្នែកឯកជន នៅក្នុងការចូលរួមដោះស្រាយ បញ្ហាប្រឈមរួម ដែលប្រទេសជាតិ កំពុងជួបប្រទះនាពេលបច្ចុប្បន្ន គឺជំងឺ COVID-19 ហើយម៉ាសពីក្រុមហ៊ុន ឌុន អាន (ខេមបូឌា) គ្រុបនេះ នឹងយកទៅប្រើប្រាស់ ក្នុងសកម្មភាព បង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ COVID-19។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល ជំនួសមុខឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» ដែលបានចែករំលែកចូលរួមជាមួយក្រសួង ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃវីរុសកូវីដ១៩ នៅកម្ពុជា។

លោក Gu Chun Yao ប្រធានក្រុមហ៊ុន «ជឹងហៃណា អ៉ិនដាសស្ទ្រី ឯ.ក» បានថ្លែងថា ការប្រគល់នូវម៉ាស៊ីន និងសម្ភារសម្លាប់មេរោគជូន ដល់ក្រសួងមហាផ្ទៃនាពេលនេះ គឺជាកាតព្វកិច្ចជួយសង្គម របស់ក្រុមហ៊ុនឯកជនរបស់ប្រទេសចិន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសម្លឹងមើលឃើញថា ចំណងមិត្តភាពរវាងថ្នាក់ដឹកនាំកម្ពុជា-ចិន មានទំនាក់ទំនងគ្នាយ៉ាងល្អ តាំងពីយូរលង់ណាស់មកហើយ ជាពិសេស គឺទឹកចិត្តដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពេលដែលប្រទេសចិន កំពុងតែជួបនូវវិបត្តិរីករាលដាលវីរុស COVID-19 គឺសម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំបរទេសទី១ ដែលបានឈានជើងចូលក្នុងប្រទេសចិន ទាំងនេះបានបង្ហាញឱ្យឃើញថា កម្ពុជា-ចិន ជាមិត្តដែកថែបមិនអាចបំបែកបាន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់រដ្ឋាភិបាលចិន ចំពោះការទប់ស្កាត់ វីរុសដ៏កាចសាហាវនេះផងដែរ។

លោក Gu Chun Yao បានបន្តថា នាពេលនេះប្រាក់មិនមែនជារឿងសំខាន់នោះទេ ប៉ុន្តែ អ្វីដែលសំខាន់ គឺទឹកចិត្តសម្រាប់ជួយឧបត្ថម្ភ ដល់ប្រទេសជាមិត្តក្នុងគ្រាលំបាកនេះ។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស គួរមានអនាម័យស្អាត គួរលាងដៃជាប្រចាំ ហូបស្អាត គេងស្អាត និងអនុវត្តតាមគោលការណ៍ ដែលក្រសួងសុខាភិបាលបានផ្សព្វផ្សាយ និងដាក់ជូនឱ្យអនុវត្ត ដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល នៅទូទាំងពិភពលោកនាពេលសព្វថ្ងៃនេះ។

លោក Gu Chun Yao បានបញ្ជាក់ថា គោលបំណងដែលក្រុមហ៊ុន ប្រគល់នូវអំណោយជាម៉ាស៊ីន ថ្នាំសម្លាប់មេរោគ និងសាប៊ូ ដល់ក្រសួងសុខាភិបាលនាពេលនេះ គឺដើម្បីជួយគាំទ្រ និងចូលរួមទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 និងលើកទឹកចឹត្ត ឱ្យសាធារណៈជនស្វែងយល់ ពីរបៀបរក្សារអនាម័យ ឱ្យបានល្អដើម្បីក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល។

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍ជំនួយ និងអំណោយពីសប្បុរសជន និងក្រុមហ៊ុននានា សម្រាប់បុព្វហេតុប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ ហើយកន្លងមក មន្ត្រីរដ្ឋាភិបាលជាច្រើន រួមទាំងសម្ដេចនាយករដ្ឋមន្ត្រីផ្ទាល់ផង បានរួមចំណែកបរិច្ចាគថវិកា សម្រាប់កិច្ចប្រឹងប្រែងនេះ៕