ក្រសួងអប់រំ និងក្រុមហ៊ុនជប៉ុនមួយ បើកសម្ពោធជាផ្លូវការគំរោងមេរៀនតាមអ៊ីនធើណេត «Online Lesson» ដោយឥតគិតថ្លៃ


(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងភ្នាក់ងារសហប្រតិបិត្តការអន្តរជាតិជប៉ុន «JICA» បានធ្វើការសហការគ្នា និងចាប់ផ្តើមផ្តល់ការសិក្សាមេរៀនតាមអ៊ិនធើណេត ដោយឥតគិតថ្លៃ ជាមួយកម្មវិធីមួយមានឈ្មោះថា «Think! Think!» ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅជប៉ុនខាងផ្នែក EDTECH។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា «Think!Think! គឺជាកម្មវិធីបង្រៀនដែលល្អក្នុងការជួយពង្រឹងសមត្ថភាពក្នុងការគិត IQ ការគិតស៊ីជម្រៅ និងជំនាញសង្គមផ្សេងៗ។ ជាពិសេសក្នុងស្ថានភាពដ៏ពិបាកនេះ សិស្សក៏អាចរីករាយក្នុងការៀនកម្មវិធី Think!Think! នៅផ្ទះជាមួយគ្រួសារបានដែរ»។

បន្ថែមពីលើនេះ លោក ខេ កាវ៉ាស៊ីម៉ា (Kei Kawashima) នាយកប្រតិបត្តក្រុមហ៊ុនហាណាម៉ារុ លេប (Hanamaru Lab) បានលើកឡើងថា «ពួកយើងបានសម្រេចចិត្តផ្តល់ជូនការសិក្សា មេរៀនតាមអ៊ិនធើណេត ហើយនិងកម្មវិធីសិក្សា Think! Think! ដោយឥតគិតថ្លៃដែលស្ថិតក្នុងការសហការគ្នាជាមួយភ្នាក់ងារ សហប្រតិបិត្តការអន្តរជាតិជប៉ុន “JICA” និងក្រសួងអប់រំយុវជននិងកីឡា “MoEYS” សម្រាប់សិស្សានុសិស្សទាំងអស់នៅប្រទេសកម្ពុជា។ យើងសង្ឃឹមថាការផ្តល់ជូននេះអាចរួមចំណែក ជួយដល់វិស័យអប់រំនៅប្រទេសកម្ពុជា ក្នុងអំឡុងពេលដ៏ពិបាកនេះ»

លោក ជូនីជី មូរ៉ាតា (Mr.Junichi Murata) តំណាងជាន់ខ្ពស់របស់ការិយាល័យភ្នាក់ងារសហប្រតិបិត្តការអន្តរជាតិជប៉ុនប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ខ្ញុំជឿជាក់ថាពួកយើងអាចចែករំលែកចំណេះដឹងដោយឥតព្រំដែន បើទោះបីជាយើងស្ថិតនៅក្រោមស្ថានភាពដ៌លំបាកនេះក៏ដោយ។

លោកបានបន្តថា ឥឡូវនេះ វាគឺជាពេលវេលា ដែលយើងត្រូវរួមគ្នាអភិវឌ្ឍវិធីសាស្ត្រ បង្រៀនថ្មីដូចជាតាមរយៈ ការបង្រៀនតាមអុីនធើណេតនិងតាមរយះ E-learning។ Hanamaru Lab គឺមានគោលដៅស្របគ្នាទៅនឹងក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាភ្នាក់ងារសហប្រតិបិត្តការអន្តរជាតិជប៉ុនផងដែរ។

មេរៀន Think!Think! តាមអ៊ិនធើណេតដោយឥតគិតថ្លៃគឺត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសបុករបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានឈ្មោះថា “Krou Cambodia”។ ការផ្សាយបន្តផ្ទាល់មានរយៈពេល បីថ្ងៃក្នុងមួយសប្តាហ៍គឺ ថ្ងៃចន្ទ ពុធ និងសុក្រ ពីម៉ោង ៥:០០ ដល់ ៥:៣០ល្ងាច។ មេរៀនមានដូចជា ការផ្គុំរូប (puzzles) ការស្វែងរកគោលដៅ(mazes) និងកម្មវិធីល្បងប្រាជ្ញាផ្សេងៗទៀតដែលជួយជំរុញ និងបង្កើនជំនាញការគិតរបស់កុមារ។

Think!Think! គឺជាកម្មវិធីមកពីជប៉ុនដែលពេញនិយមទូទាំងពិភពលោក និងមានអ្នកប្រើប្រាស់ច្រើនជាង ១លាន ៥សែននាក់ ហើយទទួលបានពានរង្វាន់ជាច្រើនដូចជា “Google Best Kids App” “Google Best Social Impact App” និង “No.1 Japanese E-learning Award”។ កម្មវិធីសិក្សាចុងសប្តាហ៍របស់ក្រុមហ៊ុន ហាណាមារុ លេប គឺត្រូវបានផ្តល់ជូនទាំងនៅក្នុងប្រទេសជប៉ុន និងនៅទីក្រុងភ្នំពេញក្នុងតម្លៃពិសេស។ ប៉ុន្តែឥឡូវនេះត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់សិស្សានុសិស្សនៅប្រទេសកម្ពុជាដើម្បីជាឱកាសក្នុងសិក្សា។

យោងតាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន ហាណាម៉ារុ លេប (Hanamaru Lab) និងភ្នាក់ងារសហប្រតិបិត្តការអន្តរជាតិជប៉ុន “JICA” ក្នុងឆ្នាំ ២០១៨ នៅប្រទេសកម្ពុជា ជាលទ្ធផលបានបង្ហាញថា Think!Think! បានបង្កើនពិន្ទុគណិតវិទ្យា និងសមត្ថភាពនៃការគិត IQ របស់សិស្ស (ពិន្ទុគណិតក្នុងវិញ្ញាសារគណិតថ្នាក់ជាតិ ថ្នាក់ទី១ ដល់ ទី៤ ដែលបានប្រើប្រាស់កម្មវិធី Think!Think! អស់រយៈពេល ៣ខែគឺមានពិន្ទុ ៦,៩% ខ្ពស់ជាងសិស្សដែលមិនបានរៀន។

ដើម្បីជួយដល់កុមារអោយបានកាន់តែច្រើន ជាពិសេសអ្នកដែលពុំមានអ៉ីនធើណេត ល្បឿនលឿននៅផ្ទះ មេរៀនThink!Think! នឹងត្រូវបានផ្សព្វផ្សាយតាមរយះទូរទស្សន៍ជាតិកម្ពុជាឆាប់ៗនេះ។ នេះគឺជាគម្រោងដំបូងបង្អស់ដែលមិនធ្លាប់មានរបស់ភ្នាក់ងារសហប្រតិបិត្តការ អន្តរជាតិជប៉ុន (JICA) ដែលដាក់អោយមានដំណើរការមេរៀនតាមអ៊ីនធើណេត នៅលើទូរទស្សន៍ជាតិជាមួយការប្រើប្រាស់កម្មវិធីApp៕