កិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញប្រចាំខែមេសា ឆ្នាំ២០២០ និងទិសដៅការងារបន្តបន្ទាប់


ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំគណៈអភិបាលខណ្ឌ ប្រចាំខែមេសា ឆ្នាំ២០២០ និងទិសដៅការងារខែឧសភា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរង គណៈនាយករដ្ឋបាល លោកប្រធានការិយាល័យទាំង១១ និង លោក លោកស្រីចៅសង្កាត់ទាំង១១ និងលោក លោកស្រីប្រធានទីរួមផ្សារទាំង៣។

ស្មារតីនៃកិច្ចប្រជុំ នៅក្នុងឳកាសនេះ ដើម្បីពិនិត្យ តាមដាន និងដាក់ចេញផែនការសកម្មភាពការងារសំខាន់ៗមួយចំនួនរួមមាន៖ ការងាររៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ, វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺCovid-19, ការងារគ្រប់គ្រងសំណង់ក្នុងមូលដ្ឋាន, ពិនិត្យឆ្លងសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការរៀបចំគម្រោង ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ, ពិនិត្យឆ្លងសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ, ពិនិត្យឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែមេសា ឆ្នាំ២០២០ ជូនមន្ត្រីបម្រើការងារនៅរដ្ឋបាលខណ្ឌដូនពេញ និងការងារសំខាន់ៗមួយចំនួនទៀតផងដែរ ៕