មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល និងសាខាកាកបាទក្រហមស្រុកឆ្លូង ចុះចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន ២០០គ្រួសារ ដែលខ្វះខាតក្នុងកំឡុងពេល Covid-19


(ក្រចេះ)៖ លោកវេជ្ជ. សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយលោក ហេង សុថា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកឆ្លូង និងសហការីនៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ បានចែកអំណោយរបស់សប្បុរសជនគឺលោក ម៉ាត់ ហ៊ីម អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក និងលោកស្រី សុះ រ៉ហ៊ីម៉ាស់ ជូនដល់គ្រួសារក្រីក្រជួបការខ្វះខាត ក្នុងកំឡុងពេលជំងឺ Covid-19 រាតត្បាតចំនួន ២០០គ្រួសារ នៅឃុំពង្រ ស្រុកឆ្លូង។

ក្នុងឱកាសនោះដែរលោករដ្ឋលេខាធិការ បានណែនាំ និងផ្តាំផ្ញើជូនចំពោះបងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួម អនុវត្តវិធានការការពារ និងរក្សាអនាម័យ ក៏ដូចជា សារអប់រំនានារបស់ក្រសួងសុខាភិបាល និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺ Covid-19 ដូចខាងក្រោម៖

*ទី១៖ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល
*ទី២៖ ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ
*ទី៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ
*ទី៤៖ ចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
*ទី៥៖ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ
*ទី៦៖ ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។ សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូនគ្រួសារងាយរងគ្រោះពេលនោះរួមមាន៖ អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, អំបិល, ស្ករសរ, ប្រេងឆា, សម្ភារមួយចំនួនទៀត និងថវិកាមួយចំនួន៕