សម្ភារបរិក្ខារវេជ្ជសាស្ត្រសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តម្លៃ៥ម៉ឺនដុល្លារ ត្រូវបានក្រុមហ៊ុនវិនិយោគវិស័យកសិកម្ម ឧបត្ថម្ភដល់ក្រសួងកសិកម្ម


(ភ្នំពេញ)៖ តំណាងសម្ព័ន្ធក្រុមហ៊ុន ហ័ងអាញ យ៉ាឡៃ គ្រុប (HAGL Group) ប្រចាំកម្ពុជា ដែលធ្វើការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា បាននាំយកនូវសម្ភារបរិក្ខារវេជ្ជសាស្ត្ររួមមាន៖ ម៉ាសចំនួន១៥០,០០០ ទឹកលាងដៃកំចាត់មេរោគចំនួន៣,៥០០ដប ស្រោមដៃពេទ្យចំនួន ៣៥,០០០ ឯកសណ្ឋានបំពាក់ការពារជំងឺកូវីដ១៩ ចំនួន២,០០០ឈុត ដែលតម្លៃសរុបស្មើ ៥ម៉ឺនដុល្លារ ជូនដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង អគ្គនាយកដ្ឋានកសិកម្ម ដើម្បីរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគផ្លូវដង្ហើមធ្ងន់ធ្ងរ Covid-19។

ចាប់ផ្តើមការវិនិយោគចូលមកប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៧ ក្រុមហ៊ុន HAGL Group តែងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ការលើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួល ពីបណ្ដាស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា។

នៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺ Covid-19 ដែលបានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា ជាពិសេសទូទាំងពិភពលោកទាំងមូល ក្រុមហ៊ុនយល់ឃើញត្រូវការរួមដៃជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដ៏គ្រោះថ្នាក់នេះ។

ក្រុមហ៊ុននេះចាត់ទុកថាអំណោយជំនួយទោះបីជាមិនមានតម្លៃធំធេងក៏ដោយ ក៏នេះគឺជាទឹកចិត្ត និងសុឆន្ទៈរបស់ក្រុមហ៊ុន ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តាមរយៈក្រសួងកសិកម្ម រក្ខាប្រម៉ាញ់ និងនេសាទ និង អគ្គនាយកដ្ឋានកសិកម្ម ដើម្បីផ្គត់ផ្គង់ដល់គ្រឹះស្ថាន ឬស្ថាប័នណាដែលខ្វះខាតឧបករណ៍ និងសម្ភារការពារ ថែរក្សាសុខភាពប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺបានមួយផ្នែកណា ក្នុងរយៈពេលដ៏លំបាកនេះ។ លើសពីនេះទៀតទឹកប្រាក់ចំនួន ៣០,០០០ដុល្លារបន្ថែមទៀត ត្រូវបានប្រគល់ជូនឱ្យស្ថាប័នផ្សេងទៀត ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលប្រគល់ទៅតំបន់ ដែលមានការខ្វះខាតឧបករណ៍វេជ្ជសាស្ត្រ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម តំណាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន និងបានសន្យាថា នឹងប្រើប្រាស់សម្ភារវេជ្ជសាស្រ្តទាំងនេះ ឲ្យមានប្រសិទ្ធភាពបំផុត។ មួយចំនួននៃឯកសណ្ឋានការពារ ដូចជាសម្លៀកបំពាក់ការពារ និងស្រោមដៃវេជ្ជសាស្ត្រ ម៉ាសវេជ្ជសាស្រ្តនឹងបានបញ្ជូនទៅមន្ទីរពេទ្យ មណ្ឌលសុខភាពតាមបណ្តាខេត្ត ស្រុកនៃកម្ពុជា មួយចំនួនទៀតនឹងបានបែងចែក សម្រាប់តំបន់ដាច់ស្រយាលប្រជាជនក្រីក្រ ខ្វះឧបករណ៍វេជ្ជសាស្រ្ត៕