ប្រជាពលរដ្ឋចំនួន៦៥០នាក់ ទទួលបានការពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកជំទាវ បាន ស្រីមុំ


(ប៉ៃលិន)៖ នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា​ មណ្ឌលប៉ៃលិន បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមការងារ ចុះចល័តពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅជនបទដាច់ស្រយ៉ាល ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន សរុបចំនួន៦៥០នាក់។

ក្នុងឱកាសនោះលោកជំទាវ បាន ស្រីមុំ បាននាំបណ្តាំសួរសុខទុក្ខដោយក្តី​នឹករលឹក ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិនទាំងអស់ ដោយសម្តេចតែងតែគិតគូរយកចិត្តទុក្ខ ដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស តាមរយៈក្រុមការងារគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ។

លោកជំទាវ បាន ស្រីមុំ បន្តថា ក្នុងនាមជាអ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ការបង្កើតកម្មវិធីព្យាបាលជំងឺ​ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ គឺដើម្បីលើកកម្ពស់សុខមាលភាព និងកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត និងបានបង្ខិតការព្យាបាលជំងឺ ឲ្យកាន់តែជិតប្រជាពលរដ្ឋផ្ទាល់ ហើយក្រៅពីនេះ លោកស្រីបានរៀបចំកម្មវិធីជាច្រើនផ្សេងទៀត​ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលជួបការលំបាកផ្សេងៗ ក្នុងនោះរួមមានការផ្តល់ប្រាក់ឧបត្ថម្ភ ដល់ចាស់ជរាគ្មានទីពឹង ជួយដល់ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយ និងគ្រោះថ្នាក់ផ្សេងៗ កុមារកំព្រារ ស្រ្តីមានផ្ទៃពោះ និងស្រ្តីសម្រាលកូន ផងដែរ។