ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមង្គលសត្ថារាម ខេត្ដកំពង់ចាម


នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន  សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ បានអញ្ជើញជា  អធិបតីភាព ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តមង្គលសត្ថារាម ហៅវត្ត «ឃ្លោយ» ស្ថិតនៅក្នុង ឃុំមៀន ស្រុកព្រៃឈរ ខេត្ដកំពង់ចាមដែលចំណាយការសាងសង់ គិតជាថវិកាប្រមាណ ៣៣៨,៨៩០ ដុល្លារអាម៉េរិកដែលផ្តើមចេញពីកម្លាំងមហាសាមគ្គីរបស់អាជ្ញាធរដែនដី ព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ ព្រមទាំងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី ប៉ាន់សូរស័ក្តិបានលើកឡើងថា នៅក្រោមដំបូលសន្តិភាពដែលជា សមិទ្ធផលនៃនយោបាយ «ឈ្នះ-ឈ្នះ» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឡើងវិញលើគ្រប់វិស័យទាំងផ្នែកព្រះពុទ្ធ សាសនា ក៏ដូចផ្នែកអាណាចក្រ ។

ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថាសព្វថ្ងៃនេះព្រះពុទ្ឋសាសនា បានចូលរួមចំណែកនិងដើរតួយ៉ាង សំខាន់ ក្នុងការថែរក្សាសុខសន្តិភាព ។ តាមរយៈសមិទ្ធផលក្នុងទីអារាមនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ក្នុងការបម្រើផ្នែក ព្រះពុទ្ធសាសនា សម្រាប់ប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិ។ សន្តិភាពពិតជាមានតម្លៃ ណាស់ សម្រាប់ប្រទេសដែលបានរួចផុតពីសង្គ្រាម ទើបអាចធ្វើឱ្យប្រទេសមានការរីកចម្រើនទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រ។ វិស័យព្រះពុទ្ធសាសនា ក្នុងសម័យសង្គ្រាម គឺស្ទើតែបាត់ទៅហើយ ជាពិសេស របបប្រល័ពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែបច្ចុប្បន្ននេះ តាមរយៈការដឹកនាំរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យផ្នែក អាណាចក្រនិងពុទ្ធចក្រមានការរីកចម្រើនទន្ទឹមគ្នា។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ព្រះវិហារដែលបានកកើកថ្ងៃនេះពិតជាបានបម្រើក្នុងផ្នែកព្រះពុទ្ធ សាសនា ទុកជាប្រយោជន៍ដល់ប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិនិងជាម្លប់សម្រាប់សមណសិស្ស និស្សិត ធ្វើការក្រេបជញ្ជក់រាល់ចំណេះដឹងទាំងពុទ្ធចក្រ ក៏ដូចផ្នែកអាណាចក្រក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ជាតិជាមួយរាជរដ្ឋាភិបាលយើង។ចូលរួមគ្នាថែរក្សារាល់សមិទ្ធផលដែលកើតឡើងនេះ និងរាល់សមិទ្ធផល ទាំងឡាយដែលកសាងឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាយើង។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំការសួរសុខទុក្ខរបស់សម្តចតេជោហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ជូនជនរួមជាតិ និងបងប្អូនទាំងអស់ត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតជ្រើសរើសតំណាងដឹកនាំ មូលដ្នាននិងជ្រើសរើសប្រមុខដឹកនាំប្រទេសជាតិនិងផ្តល់ការទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ សែន ដែលបានរំដោះអាយុជីវិតពីរបបប៉ុលពត និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពនិងរីកចម្រើនដូចសព្វថ្ងៃ នេះ។នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសន្យាជួយកសាងទំនប់ទ្វារទឹកដែលមានតម្លៃ ៣.៧០០ដុល្លារអាម៉េរិក និងផ្លូវលំក្រាលគ្រោះក្រហមប្រវែង ៥គីឡូម៉ែត្រ ដែលមានតម្លៃ ៣៧លានរៀល ដើម្បីទុកជាចំណងដៃជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានប្រើប្រាស់ព្រមទាំងបាននាំយកនូវថវិកា និងអំណោយជាសម្ភារប្រើប្រាស់មួយចំនួន ជូនដល់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ផងដែ៕