ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ម៉ូតូ ដែលមានកម្លាំងសេះ ចាប់ពី១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវឱ្យមានប័ណ្ណបើកបរប្រភេទ (ក)ទេ តែចំពោះអ្នកប្រើប្រាស់ម៉ូតូ មានកម្លាំងលើសពី១២៥សេសេ តម្រូវឲ្យមានប័ណ្ណបើកបរ។
យោងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា “បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូមានកម្លាំងសេះ ចាប់ពី១២៥សេសេចុះក្រោម មិនចាំបាច់តម្រូវឱ្យមានប័ណ្ណបើកបរប្រភេទ (ក)ទេ តែបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ម៉ូតូមានកម្លាំងសេះ លើសពី១២៥សេសេ គឺត្រូវតែមានប័ណ្ណបើកបរប្រភេទ(ក) ទើបអាចបើកបរបាន”។
ប្រភពដដែលបន្ថែមថា ប្រជាពលរដ្ឋអាចប្តូរ និងពន្យារ នៅមណ្ឌលផ្តល់ប័ណ្ណបើកបរយានយន្ត នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់ ដោយតម្រូវឲ្យមានឯកសារដូចជា៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, លិខិតបញ្ជាក់កាយសម្បទា (អាចធ្វើនៅទីតាំងផ្ទាល់), រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក, (ថតនៅទីតាំងផ្ទាល់) និងពាក្យបណ្តឹងបាត់ប័ណ្ណបើកបរ បញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់ប័ណ្ណបើកបរ)។
ក្នុងនោះ ប្រសិនបើពលរដ្ឋចង់ប្រឡងយកប័ណ្ណបើកបរ ត្រូវមានឯកសារដូចរៀបរាប់ខាងលើ (*១ *២ *៣) និងលិខិតបញ្ជាក់ការសិក្សា ពីសាលាង្រៀនបើកបរ សម្រាប់បណ្ណប្រភេទ គ ឃ និង ង ផងដែរ៕