តំណាងទេសរដ្ឋមន្រ្ដី គន់ គីម នាំគ្រឿងឧបភោគបរិភោគជូនគ្រួសារអតីតយុទ្ធជន ១៦៧គ្រួសារ នៅខេត្តបន្ទាយមានជ័យ


(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ទោ គីម សុផារុណ នាយករងខុទ្ទកាល័យនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនសមាគមអតតីយុវជន ចំនួន១៦៧គ្រួសារ ដែលរស់នៅក្នុងតំបន់ដីសង្គមកិច្ចការ៉េពីរ (២២២២) ស្ថិតនៅភូមិកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដោយមានការអមដំណើរដោយលោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ដបន្ទាយមានជ័យ ព្រមទាំងមន្ត្រីក្រោមឱវាទយ៉ាងច្រើនផងដែរ។

គ្រឿងឧបភោគបរិភោគ ដែលនាំប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជននាឱកាសនោះរួមមាន៖ ក្នុង១គ្រួសាទទួលបានទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប ត្រីខ៥ កំប៉ុង មី១០កញ្ចប់ ទឹកអាល់កុល ១ដបតូច ក្រម៉ាចំនួន០២ អង្ករ១០ គីឡូក្រាម និងថវិការចំនួន ៥០,០០០រៀល។ ក្នុងនោះក៏មានអំណោយ របស់សមាគមរួមមាន៖ ទឹកត្រី៣ដប ទឹកស៊ីអ៊ីវ៣ដប និងមី៥កញ្ចប់ ផងដែរ៕