បទបង្ហាញអំពីសេចក្តីព្រាង ផែនការយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ២០១៩-២០២៣ ជូនថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ


លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឱ្យក្រុមការងារនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (ស.ភ.វ.ស)ដឹកនាំដោយ ឯកឧត្តមសាកលវិទ្យាធិការ ហេង សុផាឌី មកធ្វើបទបង្ហាញអំពីសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្ររបស់ ស.ភ.វ.ស ២០១៩-២០២៣” នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ដើម្បីឱ្យក្រុមការងារ ស.ភ.វ.ស អាចទទួលបាននូវអនុសាសន៍ណែនាំបន្ថែមដែលជាធាតុចូលគន្លឹះសម្រាប់ធ្វើឱ្យឯកសារយុទ្ធសាស្ត្រនេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ។
នៅក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដែលជាថ្នាក់ដឹកនាំក្រសួង បានកោតសរសើរចំពោះក្រុមការងារនៃ ស.ភ.វ.ស ដែលបានខិតខំប្រឹងប្រែងរៀបចំឯកសារនេះឡើង ហើយក៏បានជំរុញលើកទឹកចិត្តដល់ក្រុមការងាររបស់ ស.ភ.វ.ស ឱ្យបន្តពិនិត្យនិងកែសម្រួលឯកសារនេះបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យផែនការយុទ្ធសាស្ត្រមួយនេះកាន់តែមានភាពជាក់ស្តែងអាចអនុវត្តទៅបាន ព្រមទាំងឆ្លើយតបទៅនឹងការវិវឌ្ឍថ្មីៗនៅក្នុងតំបន់និងក្នុងពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសស្របទៅតាមផែនការរបស់ក្រសួងនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។