រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ចាង យុនហ្វេង ទីប្រឹក្សាក្រសួង និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជាចិន ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យឯកឧត្តម ចាង យុនហ្វេង ទីប្រឹក្សាក្រសួង និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជាចិន តំណាងព្រះតេជគុណ Yin Shun ប្រធានសមាគមព្រះពុទ្ធសាសនា ខេត្តហាយណាន សាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងប្រគល់នូវម៉ាសចំនួន ៥០០០០ម៉ាស នៅទីស្តីការក្រសួងធម្មការ និងសាសនា។
ថ្លែងក្នុងឱកាសនោះ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះរដ្ឋាភិបាលចិន និងព្រះតេជគុណ Yin Shun ប្រធានសមាគមព្រះពុទ្ធសាសនា ខេត្តហាយណាន និងឯកឧត្តម ចាង ឃុនហ្វេង ដែលបានឧបត្ថម្ភជាម៉ាសក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ នៅកម្ពុជាសម្រាប់ប្រគេនតាមវត្តអារាម និងចែកជូនដល់មន្ត្រីរាជការបម្រើការងារនៅក្រសួងធម្មការ និងសាសនា ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន ១២២នាក់ អ្នកជាសះស្បើយមានចំនួន១២០នាក់ និងពុំមានអ្នកស្លាប់នោះទេ។